លោក ដូណាល់ ត្រាំ ហៅក្រុមប្រទេស NATO ថាជាជនកំសាក

បរទេស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២០ ខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបន្តរិះគន់សម្ព័ន្ធមិត្តអង្គការ NATO ជុំវិញភាពខ្វះការគាំទ្ររបស់ពួកគេ សម្រាប់សង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ហើយបានហៅសម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិកនេះថា ជាពួកកំសាក។
នាពេលថ្មីៗនេះ លោក ត្រាំ បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់អាមេរិក ជាពិសេស NATO ជួយចូលរួមធានាសុវត្ថិភាពរបស់កប៉ាល់ដឹកជញ្ជូនកាត់ច្រកសមុទ្រ Hormuz ជាទីដែលប្រេងនិងឧស្ម័ន ២០ភាគរយរបស់ពិភពលោកធ្វើដំណើរឆ្លងកាត់។ ក្រៅពីសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្ខំឱ្យរាប់លាននាក់រត់ភៀសខ្លួន ជម្លោះនៅមជ្ឈិមបូព៌ា បានធ្វើឱ្យញ័ររញ្ជួយទីផ្សារសកល ចាប់តាំងពីការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែលលើអ៉ីរ៉ង់ ចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ មុនពេលវាយអ៉ីរ៉ង់ ទីក្រុងវ៉ាស៉ីនតោន មិនបានពិគ្រោះយោបល់និងផ្តល់ដំណឹងជាមុន ដល់សម្ព័ន្ធមិត្តរបស់ខ្លួនឡើយ។
លោក ត្រាំ បានបន្តរិះគន់ថា ក្រុមប្រទេស NATO មិនចង់ចូលជួយក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ប៉ុន្តែត្អូញត្អែររឿងប្រេងឡើងថ្លៃខ្ពស់។
លោកបានហៅពួកគេថា ជាជនកំសាក និងព្រមានថា សហរដ្ឋអាមេរិកនឹងចងចាំរឿងនេះទុក។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា បើគ្មានសហរដ្ឋអាមេរិកទេនោះ NATO គ្រាន់ជាខ្លាក្រដាសមួយប៉ុណ្ណោះ៕

