តំណាងរាស្ត្រមណ្ឌលកំពង់ចាម ចុះលើកទឹកចិត្តមន្ត្រីស្ត្រីជួរមុខក្នុងស្រុកស្ទឹងត្រង់ ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី

កំពង់ចាម៖ ដើម្បីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានចុះជួបសំណេះសំណាល និងផ្ដល់កម្លាំងចិត្តដោយផ្ទាល់ដល់មន្ត្រីស្ត្រីជួរមុខក្នុងវិស័យសុខាភិបាល និងសន្តិសុខ ក្នុងស្រុកស្ទឹងត្រង់ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
នៅក្នុងពិធីដែលបានប្រារព្ធឡើងនៅពេលថ្មីៗនេះនៅរួមស្រុកស្ទឹងត្រង់ លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាអនុប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម រួមជាមួយ លោកជំទាវ ស្រី គីមឆយ ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងទិវាដ៏មានអត្ថន័យនេះ។
លោកជំទាវបានផ្ដល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្តដល់មន្ត្រីស្ត្រីសរុបចំនួន ១៣០នាក់ ដែលជាមន្ត្រីសុខាភិបាលមកពីមណ្ឌលសុខភាពទាំង ១២ឃុំ និងមន្ត្រីនគរបាលស្រុកស្ទឹងត្រង់។
លោកជំទាវ កុល ធារិន បានសង្កត់ធ្ងន់ថា ស្ត្រីមិនត្រឹមតែជាមាតាពិភពលោកក្នុងរង្វង់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជា «កម្លាំងចលករមិនអាចខ្វះបាន» ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍសង្គមជាតិទាំងមូល។
ក្នុងស្មារតីចែករំលែក ស្ត្រីទាំង ១៣០នាក់ ម្នាក់ៗទទួលបានសំពត់ ១ក្បិន និងអាហារសម្រន់ ដែលសរុបជាថវិកាប្រមាណ ៨,២០០,០០០ រៀល។
សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់អ្នកតំណាងរាស្ត្រ ចំពោះស្ត្រីដែលកំពុងបម្រើការងារយ៉ាងសកម្មក្នុងជួររដ្ឋបាលសាធារណៈ ជាពិសេសក្នុងបេសកកម្មថែរក្សាសុខភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕

