ក្រសួងបរិស្ថាន ចុះកិច្ចព្រមព្រៀងផ្ដល់ថវិកាគម្រោងរេដបូកកែវសីមា ដល់សហគមន៍ក្នុងតំបន់ការពារធម្មជាតិវគ្គទី៥

មណ្ឌលគិរី៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្រ្ដីបង្គោលរេដបូកជាតិ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ថវិការេដបូកសម្រាប់សហគមន៍តំបន់ការពារធម្មជាតិវគ្គទី៥ ដោយមានការចូលរួមពីលោក ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកសហគមន៍មូលដ្ឋាន និងជាប្រធានលេខាធិការដ្ឋានកិច្ចការឥណទានកាបូន ថ្នាក់ដឹកនាំ មន្រ្ដី នៃក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត អង្គការWCS ជនជាតិដើមភាគតិច និងសហគមន៍តំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃកែវសីមា សរុបប្រមាណ១៥០នាក់។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ជួប ប៉ារីស៍ បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ការអភិរក្សធនធានធម្មជាតិ និងការឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ។ គោលនយោបាយទាំងនេះឆ្លើយតបនឹង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍមនុស្ស សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដើម្បីធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយគោលនយោបាយនេះបាននឹងកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងនិងសកម្មដោយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន (ស្អាត បៃតង ចីរភាព) ដែលផ្តោតលើការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការកាត់បន្ថយការបាត់បង់ព្រៃឈើ និងការលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។តាមរយៈការចូលរួមយ៉ាងសកម្មរបស់សហគមន៍ និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន សហគមន៍នឹងក្លាយជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការអភិរក្សព្រៃឈើ និងធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព សម្រាប់ជាប្រយោជន៍ដល់សហគមន៍ និងប្រទេសជាតិរយៈពេលវែង។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបន្ថែមថា ក្នុងបរិបទនេះ គម្រោងរេដបូកកែវសីមា គឺជាគំរូដ៏សំខាន់មួយ ដែលបានបង្ហាញថា ការអភិរក្សធនធានធម្មជាតិ អាចដំណើរការជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់សហគមន៍បាន។គម្រោងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុង (១)ការកាត់បន្ថយការបាត់បង់ និងការរេចរឹលព្រៃឈ(២)ការអភិរក្សជីវៈចម្រុះ (៣)ការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ (៤)និងការលើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដោយផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង។
គួររំលឹកឱ្យដឹងផងដែរថា គម្រោងរេដបូកកែវសីមាមិនត្រឹមតែផ្តល់អត្ថ-ប្រយោជន៍ដូចជាការពង្រឹងសិទ្ធជនជាតិដើមភាគតិចក្នុងការការពារសុវត្ថិភាពដីធ្លី និងធនធានធម្មជាតិតែប៉ុណ្ណោះទេ គម្រោងជួយលើកកម្ពស់ និងអភិវឌ្ឍជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដោយផ្តល់មូលនិធិសម្រាប់ការអភិវឌ្ឍសហគមន៍តាមរយៈកម្មវិធីថវិកាសម្រាប់សហគមន៍ (Cash for Community – C4C)។
មកដល់បច្ចុប្បន្ននេះ ភូមិគោលដៅទាំង២០របស់គម្រោងរេដបូកកែវសីមា បានទទួលមូលនិធិរេដបូកតាមរយៈកម្មវិធីថវិកាសម្រាប់សហគមន៍ (C4C) ចំនួន៤លើករួចមកហើយដែលមានមូលនិធិសរុបចំនួន១.៨៣៥.៣២០ដុល្លាអាមេរិក។ សហគមន៍ជាអ្នកគ្រប់គ្រងមូលនិធិទាំងនេះដោយផ្ទាល់ បន្ទាប់ពីគម្រោងបានផ្ទេរមូលនិធិចូលទៅក្នុងគណនីធនាគារបស់ភូមិគោលដៅនីមួយៗ។ ថវិកានេះត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពអភិវឌ្ឍន៍សហគមន៍ដែលឆ្លងកាត់កិច្ចពិភាក្សាពិគ្រោះយោបល់កំណត់សកម្មភាពអាទិភាព និងបានដាក់បញ្ចូលទៅក្នុងផែនការវិនិយោគឃុំ និងផែនការវិនិយោគស្រុក៕

