សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ខណៈចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ សិស្សដែលបានទទួលការបណ្តុះបណ្តាលមានចំនួនសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនប្រមាណ ២២.៩ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,២ម៉ឺននាក់។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦” ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
ជាមួយគ្នានេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័តតាមរថយន្តជាច្រើនគ្រឿងផងដែរ៕



