អ៉ីរ៉ង់ដាក់លក្ខខណ្ឌចំនួន៣ ដើម្បីបិទបញ្ចប់សង្រ្គាម!

តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ បានដាក់លក្ខខណ្ឌចំនួន៣ ដើម្បីបិទបញ្ចប់សង្រ្គាម ក្នុងនោះរួមមានការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៉ីរ៉ង់ សំណងជួសជុលការខូចខាត និងការធានាយ៉ាងរឹងមាំពីអន្តរជាតិប្រឆាំងនឹងការឈ្លានពានជាថ្មីណាមួយ នៅពេលអនាគតលើអ៉ីរ៉ង់។
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក Pezeshkian ក៏បានអះអាងដែរថារូបលោកបានបើកកិច្ចពិភាក្សាជាមួយមេដឹកនាំរុស្ស៉ី និងប៉ាគីស្ថាន។
លោកបន្ថែមដូច្នេះថា «ខ្ញុំសូមបញ្ជាក់ឡើងវិញពីការប្ដេជ្ញារបស់អ៉ីរ៉ង់ចំពោះសន្តិភាពក្នុងតំបន់។ មធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្រ្គាមដែលបង្កឡើងដោយរបប Zionist (អ៉ីស្រាអែល) និងសហរដ្ឋអាមេរិក នោះគឺការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៉ីរ៉ង់ សំណងជួសជុលការខូចខាត និងការធានាយ៉ាងរឹងមាំពីអន្តរជាតិ ប្រឆាំងនឹងការឈ្លានពានជាថ្មីណាមួយ នៅពេលអនាគតលើអ៉ីរ៉ង់»។
គួរបញ្ជាក់ថា ជម្លោះកំពុងរាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីអ៉ីស្រាអែល និងសហរដ្ឋអាមេរិក បើកការវាយប្រហាររួមគ្នាលើអ៉ីរ៉ង់ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សយ៉ាងហោច ១២០០នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei និងមនុស្ស ១០ ០០០នាក់ផ្សេងទៀតរងរបួស៕
