លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ

បន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីរាជការជាច្រើនរូបទៀត។
សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងផ្លាស់ប្ដូរស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ជំនួសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។
ក្នុងអនុក្រឹត្យនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ មុនត្រូវបានតែងតាំងជាស្នងការ លោកមានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕

