លោក Macron៖ បារាំងនិងសម្ព័ន្ធមិត្តកំពុងត្រៀមរៀបចំបេសកកម្មការពារមួយ ដើម្បីបើកឡើងវិញនូវច្រកសមុទ្រ Hormuz ដែលរងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ា

ស៉ីប៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី៩ ខែមីនា ប្រធានាធិបតីនៃប្រទេសបារាំង លោក Emmanuel Macron បាននិយាយថា បារាំងនិងសម្ព័ន្ធមិត្តកំពុងត្រៀមរៀបចំបេសកកម្មការពារមួយ ដើម្បីបើកឡើងវិញនូវច្រកសមុទ្រ Hormuz ដ៏សំខាន់ ដែលបានរងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ា។
ថ្លែងអំឡុងទស្សនកិច្ចនៅប្រទេសស៉ីប លោកប្រធានាធិបតីបារាំង បានលើកឡើងថា «វាជារឿងចាំបាច់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាសម្រាប់លំហូរប្រេងនិងឧស្ម័ន ដែលត្រូវតែអាចដឹកជញ្ជូនចាកចេញពីតំបន់មជ្ឈិមបូព៌ាឡើងវិញ។
លោក Macron បន្តថា បេសកកម្មលក្ខណៈការពារនិងគាំទ្រមួយ នឹងត្រូវរៀបចំឡើងរួមគ្នាដោយក្រុមប្រទេសអឺរ៉ុប និងមិនមែនអឺរ៉ុប។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហភាពអឺរ៉ុប បាននិយាយថា ខ្លួនត្រៀមជាស្រេចក្នុងការពង្រឹងប្រតិបត្តិ ដើម្បីការពារចរាចរណ៍ដែនសមុទ្រនៅមជ្ឈិមបូព៌ា បន្ទាប់ពីសង្រ្គាមផ្ទុះឡើង ក្រោយអាមេរិកនិងអ៉ីស្រាអែល វាយប្រហារលើអ៉ីរ៉ង់។
គួរបញ្ជាក់ថា ចរាចរណ៍ផ្លូវទឹកនៅច្រកសមុទ្រ Hormuz ជាច្រកដ៏សំខាន់ដែលប្រេងឆៅរបស់ពិភពលោកប្រមាណ២០ភាគរយ ត្រូវដឹកជញ្ជូនឆ្លងកាត់ បានជាប់គាំងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

