ស្រី្តបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសហគមន៍ ជាពិសេសក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការកែច្នៃក្រោយប្រមូលផល ការអភិរក្សបរិស្ថាន និងការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ

កំពត៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ច្រាបយេនឌ័រក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារ ចូលរួមអបអរទិវានារីអន្តរជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិសុខ និងសន្តិភាពសម្រាប់ស្ត្រីនិងគ្រួសារ» រួមទាំង«ទិវាកសិករនារី» ក្រោមកិច្ចសហការរវាងក្រុមការងារបច្ចេកទេសយេនឌ័រ និងកុមារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពី តំណាងក្រសួងកិច្ចការនារី តំណាងមន្ទីរខេត្ត តំណាងសហគមន៍ និងអាជ្ញាធរខេត្ត។
ព្រឹត្តិការណ៍នេះសម្របសម្រួលដោយអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាតិ(FAO) ប្រចាំប្រទេសកម្ពុជា ក្រោមយុទ្ធនាការ#SheFeeds Cambodia ។
នាឱកាសនេះ លោកជំទាវប្រធាន បានដឹកនាំក្រុមការងារចុះទស្សនកិច្ចនៅសហគមន៍ត្រពាំងត្នោត ជាតំបន់ទេសចរណ៍អេកូឡូស៊ី និងអភិរក្សសហគមន៍ ព្រមទាំងបានសំណេះសំណាលជាមួយស្ត្រីនៅក្នុងសហគមន៍ និងបន្តទស្សនាថ្នាលបណ្តុះកូនឈើ នៅទីស្នាក់ការរងអន្លង់ធំព្រែកត្នោត ដើម្បីលើកកម្ពស់ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។
ក្នុងនោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ គួរផ្តល់ជាការបង្កើនចំណេះដឹងបច្ចេកវិទ្យា ជាពិសេសដល់ស្ត្រីនៅក្នុងសហគមន៍ ដើម្បីអាចផ្សព្វផ្សាយពីតំបន់សហគមន៍របស់ពួកគាត់ តាមរយៈបណ្តាញសង្គមផ្សេងៗ៕

