លោក ដូណាល់ ត្រាំ៖ គុយបាជាប្រទេសបន្ទាប់ពីបញ្ចប់សង្រ្គាមប្រឆាំងអ៉ីរ៉ង់

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាលោកនឹងបង្វែរការផ្តោតទៅរកគុយបាវិញ ជាប្រទេសមួយក្នុងតំបន់ Caribbean ដែលកំពុងប្រឈមមុខនឹងការបិទខ្ទប់ថាមពលរបស់សហរដ្ឋអាមេរិក បន្ទាប់ពីបញ្ចប់សង្រ្គាមប្រឆាំងអ៉ីរ៉ង់។
ក្នុងពិធីមួយនៅឯសេតវិមាន លោក ត្រាំ បាននិយាយថាវាគឺអាស្រ័យលើបញ្ហាពេលវេលាប៉ុណ្ណោះ។ ពោលគឺក្រោយដោះស្រាយជាមួយអ៉ីរ៉ង់ចប់ គឺដល់វេនគុយបាវិញម្ដង។
ទីក្រុងវ៉ាស៊ីនតោនបានអនុវត្តការបិទខ្ទប់មិនឱ្យកប៉ាល់ដឹកប្រេងចូលទៅកាន់គុយបា ហើយចំណាត់ការនេះបាន និងកំពុងធ្វើឱ្យគុយបាប្រឈមនឹងវិបត្តិខ្វះខាតថាមពលធ្ងន់ធ្ងរ បន្ទាប់ពីអាមេរិក ចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់គុយបា។
ចាប់តាំងពីថ្ងៃទី៩ ខែមករាមក មិនមានកប៉ាល់ដឹកប្រេងចូលទៅកាន់គុយបាទេ ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនត្រូវបង្ខំចិត្តលុបចោលការហោះហើរឆ្ពោះទៅកាន់គុយបា និងកំពុងធ្វើឱ្យប្រទេសមួយនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។
មានការព្យាករជាច្រើនថាគុយបានឹងក្លាយជាគោលដៅបន្ទាប់របស់លោក ត្រាំជាពិសេសបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានវាយប្រហារលើអ៉ីរ៉ង់ដោយបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei៕
