នាយករដ្ឋមន្ត្រីកាណាដា មិនអាចច្រានចោលឡើយនូវលទ្ធភាពនៃការចូលរួមយោធា ក្នុងសង្រ្គាមដែលកំពុងក្ដៅគគុកនៅតំបន់មជ្ឈិមបូព៌ា

កង់បេរ៉ា៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ បាននិយាយថារូបលោកមិនអាចច្រានចោលឡើយនូវលទ្ធភាពនៃការចូលរួមយោធានៃ ប្រទេសរបស់លោកក្នុងសង្រ្គាមដែលកំពុងក្ដៅគគុកនៅតំបន់មជ្ឈិមបូព៌ា។
លោក Mark Carney ធ្វើការកត់សម្គាល់បែបនេះអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ក្នុងទីក្រុងកង់បេរ៉ា។
លោក Carney បានគូសបញ្ជាក់ដូច្នេះថា «គ្មាននរណាម្នាក់អាចបដិសេធការចូលរួមទាំងស្រុងបាននោះទេ។ យើងនឹងឈរនៅជាមួយសម្ព័ន្ធមិត្តរបស់យើង ប្រសិនបើវាជារឿងសមហេតុសមផល»។
លោកនាយករដ្ឋមន្ត្រីបន្តទៀតថាខណៈវាមានភាពខុសគ្នារវាងស្វ័យការពារ និងសកម្មភាពដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល កាណាដានឹងការពារប្រជាជនកាណាដាជានិច្ច ហើយយើងនឹងឈរនៅជាមួយសម្ព័ន្ធមិត្តរបស់យើង បើមាការស្នើសុំ។
គួរបញ្ជាក់ថា បើតាមលោក Carney ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ជាទង្វើផ្ទុយពីច្បាប់អន្តរជាតិ។ តែទោះជាយ៉ាងណាក៏ដោយ លោកគាំទ្រកិច្ចប្រឹងប្រែងរបស់ អាមេរិកដើម្បីទប់ស្កាត់កុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ៕

