ឃុំ សង្កាត់ទាំង១០០ នៅខេត្តសៀមរាប ប្រកាសសមាសភាពសមាជិកក្រុមប្រឹក្សាអាណត្តិទី៥ទើបជាប់ឆ្នោតឱ្យចូលធ្វើការ
ឃុំ សង្កាត់ទាំងអស់ចំនួន១០០ នៅខេត្តសៀមរាប កាលពីម្សិលមិញត្រូវបានប្រកាសសមាសភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួននីមួយៗអាណត្តិទី៥ដែលទើបជាប់ឆ្នោតឱ្យចូលធ្វើការ ដើម្បី រួមដៃគ្នាកសាងនិងអភិវឌ្ឍន៍មូលដ្ឋានរបស់ឱ្យកានតែរីកចំរើន។
ឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ពិធីប្រកាសនេះពិតជាមានសារ:សំខាន់បំផុត ដោយឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំបំពេញការងារកន្លងមករបស់ក្រុមប្រឹក្សាឃុំចាស់ ដោយទទួលបានលទ្ធផលច្រើនឥតគណានាជូនជាតិ និងមូលដ្ឋានរបស់ខ្លួន ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលរងខេត្ត ក៏បានស្នើសុំឲដល់លោក លោកស្រី ដែលជាក្រុមប្រឹក្សាឃុំអាណត្តិថ្មីនេះ ត្រូវបន្តខិតខំបំពេញការងារ និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់នានា ដែលបានចែងកំណត់ ត្រូវរួមសាមគ្គីគ្នា សហការគ្នា ដោយមិនត្រូវប្រកាន់បក្សនយោបាយ ធ្វើយ៉ាងណាឲ្យការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋបានល្អប្រសើរ ទាន់ពេលវេលា មានគុណភាព តម្លាភាព សមធម៌ និងមានប្រសិទ្ធិភាព ដោយមិនមានការរើសអើងបក្ខពួក ឬក្រុមមនុស្សឡើយ សំដៅការអភិវឌ្ឍន៍មូលដ្ឋានឃុំឲ្យមានការរីកចំរើនជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា នៅទូទាំងខេត្តសៀមរាបសម្រាប់ថ្ងៃទី០៦ ខែកក្កដា ថ្នាក់ដឹកនាំខេត្តសៀមរាប បានចាត់តាំងថ្នាក់ដឹកនាំជាអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុកស្រុក ប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង១០០ ដើម្បីចូលបំពេញការងារជាផ្លូវការ៕