លោក វ៉ាង យី៖ ចិនប្រឆាំងដាច់ខាតចំពោះការវាយប្រហារយោធាអ៉ីស្រាអែល និងអាមេរិកលើប្រទេសអ៉ីរ៉ង់ និងទាមទារឱ្យបញ្ឈប់រាល់សកម្មភាពអរិភាពទាំងអស់ជាបន្ទាន់

ប៉េកាំង៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នាថ្ងៃអង្គារនេះ បានប្រាប់សមភាគីអ៉ីស្រាអែល លោក ហ្គីដេអុន សា (Gideon Saar) ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការវាយប្រហារយោធារបស់អ៉ីស្រាអែល និងសហរដ្ឋអាមេរិក ទៅលើប្រទេសអ៉ីរ៉ង់ ព្រមទាំងទាមទារឱ្យបញ្ឈប់រាល់សកម្មភាពអរិភាពទាំងអស់ជាបន្ទាន់។
តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ លោក វ៉ាង យី បានសង្កត់ធ្ងន់ប្រាប់រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែលយ៉ាងដូច្នេះថា «ការប្រើប្រាស់កម្លាំងយោធា មិនអាចដោះស្រាយបញ្ហាបានពិតប្រាកដនោះទេ ផ្ទុយទៅវិញ វាមានតែបង្កើតបញ្ហាថ្មីៗ និងបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងររយៈពេលយូរអង្វែងប៉ុណ្ណោះ។ តម្លៃពិតប្រាកដនៃកម្លាំងយោធា មិនមែនស្ថិតនៅលើសមរភូមិនោះទេ ប៉ុន្តែគឺស្ថិតនៅត្រង់ការទប់ស្កាត់មិនឱ្យមានសង្គ្រាមផ្ទុះឡើង»៕
