លោកជំទាវ ឱ វណ្ណឌីន ឯកឧត្ដម Takeshi Kasai និងលោកជំទាវ គឹម សេដ្ឋានី អញ្ជើញទស្សនកិច្ចសិក្សា នៅសាលាបឋមសិក្សាទួលគោក
ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានអប់រំ នាយកដ្ឋានបឋមសិក្សា មន្ទីរអប់រំ យុវជន និងកីឡារាជធានី ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌទួលគោក លោកចៅសង្កាត់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាទួលគោក នាព្រឹកថ្ងៃទី៦ កក្កដានេះ បានចូលរួមទទួលស្វាគមន៍ប្រតិភូអង្គការសុខភាពពិភពលោក (WHO) ដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត Takeshi Kasai នាយកប្រចាំតំបន់ប៉ាស៊ីភិចខាងលិច និងក្រសួងសុខាភិបាល ដែលដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីពិនិត្យមើលការអនុវត្តវិធានសុខាភិបាលសម្រាប់ដំណើរការបង្រៀន និងរៀនក្រោមបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។
គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះវិធានការនានាដែលសាលារៀន បាន និងកំពុងអនុវត្តក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាឱ្យការបង្រៀន និងរៀនប្រកបដោយសុវត្ថិភាព។
ជាមួយគ្នានេះផងដែរ ប្រតិភូក៏បានសន្យាថានឹងនាំយកបទពិសោធន៍នៃការអនុវត្តនៅប្រទេសកម្ពុជា ទៅផ្សព្វផ្សាយដល់ប្រទេសនានាក្នុងតំបន់ និងពិភពលោក ព្រមទាំងស្វែងរកជំនួយបន្ថែមទៀត មកជួយដល់ប្រទេសកម្ពុជា៕