ជប៉ុន ផ្តល់ជូន គ.ជ.ប នូវសម្ភារបរិក្ខាបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ ដើម្បីគាំទ្រការចុះបញ្ជី និង គ្រប់ គ្រង ព័ត៌មានអ្នកបោះឆ្នោត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការ គ.ជ.ប ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ ទទួលផ្លូវការនូវជំនួយសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) ដែលជាជំនួយរបស់ប្រទេសជប៉ុន។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ជំនួយ របស់ជប៉ុនបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និង ការ រួម ចំណែក ដ៏ មានអត្ថន័យសំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋាន គ្រឹះ ក្នុង ការ ធានាស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាបន្ន នៅព្រះរាជាណាចក្រកម្ពុជា។
ជំនួយរបស់ប្រទេសជប៉ុនសម្រាប់ការផ្លាស់ប្តូរសម្ភារ បរិក្ខារ បច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ ជាថ្មីនាពេលនេះ គឺមានកម្រិតបច្ចេកទេសខ្ពស់ជាងមុន ទំនើប ជាង មុន ជាបច្ចេកវិទ្យាចុងក្រោយ មានទំហំ ផ្ទុកធំ ល្បឿន និងប្រព័ន្ធប្រតិបត្តិការ Database ប្រព័ន្ធ សុវត្ថិភាពជំនាន់ចុងក្រោយ ព្រោះវាពិតជាមានសារៈសំខាន់ណាស់ និងទាន់ ពេល វេលា ដែល គ.ជ.ប កំពុងត្រៀមលក្ខណៈឆ្ពោះទៅរៀបចំការបោះឆ្នោតសកលនាឆ្នាំ២០២៧ និង ឆ្នាំ ២០២៨ ខាងមុខ។
ចំណែកឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាល ជប៉ុន បានផ្តល់ជូន គ.ជ.ប នូវសម្ភារបរិក្ខាបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ ដើម្បីគាំទ្រការចុះបញ្ជី និង គ្រប់ គ្រង ព័ត៌មានអ្នកបោះឆ្នោត។ សម្ភារបរិក្ខាថ្មីនេះ និងត្រូវបាន យក ទៅ ប្រើ ជំនួស ប្រព័ន្ធ ដែល រដ្ឋាភិបាល ជប៉ុន បានផ្តល់ឱ្យក្នុងឆ្នាំ២០១៦។ ប្រព័ន្ធនេះក៏មាន ភាព ចាំបា ច់ មិន អាច ខ្វះ បាន ក្នុង ការ ធានា សុវត្ថិភាពនៃព័ត៌មានអ្នករបស់បោះឆ្នោតដែលបានកត់ត្រាជាទម្រង់ឌីជីថល ជាពិសេស ដោយ សារ តែមានករណីការលួចចូលប្រើទិន្នន័យអ្នកបោះឆ្នោតដោយគ្មានការអនុញ្ញាត កើត ឡើង នៅ ប្រទេសមួយចំនួនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕

