ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ចំនួន៥០០កញ្ចប់ ជូនសាសនិកឥស្លាម នៅខេត្តសៀមរាប

សៀមរាប៖នៅព្រឹកទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានបន្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ចំនួន ៥០០ កញ្ចប់ ជូនបងប្អូនសាសនិកឥស្លាម នៅខេត្តសៀមរាប ដែលពិធីនេះ ធ្វើឡើងនៅវិហារឥស្លាមអាន់នៀកម៉ះ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប សម្រាប់ខែរ៉ាម៉ាឌន។ អំណោយនេះ ទទួលបានពីមជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌(KSRelief) ដែលសម្រាប់ឆ្នាំ២០២៦នេះ ផ្តល់ជូនចំនួន ៨៨៥០ កញ្ចប់ ដល់កម្ពុជា។
ពិធីនេះ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប លោក អាប់ឌុលរ៉សម៉ាន អាល់មូតៃរី ប្រធានគម្រោង នៃមជ្ឈមណ្ឌលមនុស្សធម៌ និងសង្គ្រោះបន្ទាន់ព្រះចៅសាលម៉ាននៅប្រទេសកម្ពុជា អាជ្ញាធរក្រុងសៀមរាប តំណាងមន្ទីរអង្គភាពអាជ្ញាធរសង្កាត់ស្វាយដង្គំ ព្រមទាំងថ្នាក់ដឹកនាំសាសនាឥស្លាមខេត្ត ក្រុងស្រុកចូលរួមផងដែរ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងនូវការសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅសាល់ម៉ានព្រះមហាក្សត្រនៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជាមជ្ឈមណ្ឌលសង្គ្រោះ និងមនុស្សធម៌ ស្តេចសាល់ម៉ាន ដែលបានផ្តល់ជំនួយសប្បុរសធម៌មកកាន់សហគមន៍មូស្លីមកម្ពុជាជារៀងរាល់ឆ្នាំផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា អំណោយទាំងនេះគឺជាសក្ខីភាពនៃ ចំណងមិត្តភាពដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។ វាមិនត្រឹមតែជាជំនួយស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ ក្នុងនាមជាតំណាងឱ្យរាជរដ្ឋាភិបាលឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងរំលឹកពីនយោបាយសុខដុមនីយកម្មសាសនា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបង្កលក្ខណៈងាយស្រួលដល់បងប្អូនខ្មែរឥស្លាមក្នុងការប្រតិបត្តិសាសនា និងទទួលបានជំនួយពីក្រៅប្រទេស ដោយសេរី។
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ១២៥០ នៅខណ្ឌឬស្សីកែវ និងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចែកនៅ ស្រុកពារាំង ខេត្តព្រៃវែង ចំនួន ៥០០ កញ្ចប់ផងដែរ។ សូមជម្រាបជូនថា ក្នុងកញ្ចប់អាហារនីមួយៗខាងលើ មានគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា អង្ករ ២៥គីឡូ ឥណ្ឌូមី ១កេស ប្រេងឆា ២លីត្រ ស្ករស ២គក អំបិល ១គក ត្រីខ១០ កំប៉ុង ទឹកត្រី ៣ដប និងទឹកស៉ីអ៊ីវ ៣ដប៕

