ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ នាំយកថវិកា គ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន

បន្ទាយមានជ័យ៖ លោក ឧត្ដមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ព្រមទាំងសហការី បានចុះសួរសុខទុក្ខ នាំ យកថវិកាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិប្រគល់ជូនដល់កងកម្លាំងឈរជើង នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្របន្ទាយមានជ័យ ដែលមានកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ការចូលរួមឧបត្ថម្ភនេះគឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះផងដែរលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំការសួរ សុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងរូបលោកផ្ទាល់សូមកងកម្លាំងទាំងអស់ដែលកំពុងឈរជើងនេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។
ក្នុងនាមកងកម្លាំងទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ដល់កងម្លាំងក្នុងបេសកម្មជួរមុខ និងសូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការជួបតែពុទ្ធ ពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕

