ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារ និងឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារ និងឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាលជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអគ្គនាយក បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់អគ្គនាយកដ្ឋានរដ្ឋបាល ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចតាមមុខងារនីមួយៗ ទោះមានការឈ្លានពានពីប្រទេសថៃ ដោយសម្រេចបានលទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់។
បន្ទាប់មក ឯកឧត្តមក៏បានដាក់ឱ្យអង្គប្រជុំធ្វើការជជែកពិភាក្សា និងផ្ដល់យោបល់លើចំណុចនីមួយៗ ដែលមានការចូលរួមយ៉ាងផុសផុលពីអង្គប្រជុំទាំងមូល និងធ្វើការបូកសរុបការងារលើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម សួស ប្រាថ្នា បានណែនាំនិងតម្រង់ទិសបន្ថែមលើការងារសំខាន់ៗជាអាទិភាពរបស់អគ្គនាយកដ្ឋានរដ្ឋបាល ឱ្យទទួលបានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

