ក្រសួងបរិស្ថាន៖ ជំនួបពិភាក្សាជាមួយប្រធានគណកម្មការទី៣នៃព្រឹទ្ធសភា ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្ត

ភ្នំពេញ៖«ឆ្នាំ២០២៦ គឺជាឆ្នាំនៃសកម្មភាពជាមួយលទ្ធផលជាក់ស្តែង» អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានជាត្រីវិស័យបង្ហាញផ្លូវ។ ជាមួយនឹងយុទ្ធសាស្រ្តជាជំហានៗ ប្រកបដោយការទទួលខុសត្រូវរបស់ក្រសួងបរិស្ថាន ក្នុងការទប់ស្កាត់ និងការការពារសុខមាលភាពប្រជាពលរដ្ឋ និងសុខភាពបរិស្ថានពីប្រភពបំពុលនានា ដោយក្នុងនោះក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តជាជំហានៗ មានភាពស្អាត ភាពបៃតង និងចីរភាព។
កិច្ចពិភាក្សានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៣នៃព្រឹទ្ធសភា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃព្រឹទ្ធសភា (គណៈកម្មការទី៣) នៃព្រឹទ្ធសភា និង ក្រសួងបរិស្ថានដឹកនាំដោយ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈមក្នុងឆ្នាំ២០២៥ និងទិសដៅការងារប្រចាំឆ្នាំ២០២៦របស់ក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានជម្រាបជូន អំពីការងារសុក្រឹតកម្មបរិស្ថានកិច្ច ដោយទី១ផ្តើមចេញពីមេផ្ទះឆ្លាតវៃ (E-admin)។ ទី២ គោលនយោបាយ និងយុទ្ធសាស្រ្ត ព្រមទាំងទី៣ គឺការងារផ្សព្វផ្សាយ ដែលស្នូលទាំង៣នេះរុញទៅសសរត្ថម្ភ ៣ទៀត គឺភាពស្អាត ភាពបៃតង និងចីរភាព។ ចំពោះភាពស្អាតផ្តើមចេញពីខាងក្នុងគឺស្អាតក្នុងផ្នត់គំនិត និងភាពស្អាតនៅជុំវិញខ្លួន ហើយភ្ជាប់ភាពស្អាតទាំងក្នុងនិងក្រៅទៅកាន់ឆាកអន្តរជាតិ។ ចំណែកភាពបៃតងវិញ ក្រសួងបរិស្ថានបានសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធដូចជា អង្គការសង្គមស៊ីវិល អាជ្ញាធរដែនដី កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងយុត្តិធម៌។ ក្នុងន័យទប់ស្កាត់បទល្មើសព្រៃឈើ និងធនធានធម្មជាតិ
ដោយការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។ លើសពីនេះ ក្រសួងបាន ដាក់ចេញនូវការរៀបចំឱ្យមានការបណ្តុះ និង ចែកជូនកូនឈើទៅដាំដោយឥតគិតថ្លៃជាច្រើនលាន ដើម្បីពង្រីកគម្របព្រៃឈើ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងប្រទេស។
ទន្ទឹមនឹងនេះ ការអភិវឌ្ឍក៏ជាយុទ្ធសាស្រ្តចម្បងដែរ ក្នុងការជំរុញ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការរៀបចំឱ្យមានគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ ដែលយុទ្ធសាស្រ្តនេះ អាចកែប្រែទំលាប់របស់ប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វ មកជាអ្នកផ្តល់សេវាទេសចរណ៍ ដោយបង្រៀនសហគមន៍តំបន់ការពារឱ្យក្លាយទៅជាពាណិជ្ជករ សហគ្រិនភាពជាដើម។ ទាំងនេះជាការអភិវឌ្ឍនៅហ្នឹងកន្លែង ដែលផ្តល់ភាពជាម្ចាស់ដល់ប្រជាសហគមន៍ សមស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ និងប្រតិភូអម បានកោតសរសើរនិងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងបេសកកម្មការងារធ្វើឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងមានភាពស្អាត ពេញដោយភាពបៃតងស្រស់ និងប្រកបដោយចីរភាព ដើម្បីការពារប្រជាពលរដ្ឋកម្ពុជាពីជំងឺដង្កាត់នានា និងជួយគាំពារដល់សុខភាពបរិស្ថាន និងការរស់នៅប្រកបដោយភាពសុខដុមរមនីយកម្ម តាមរយៈការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ដោយទទួលបាននូវលទ្ធផល ប្រសិទ្ធភាព និងប្រសិទ្ធផលការងារប្រកបដោយតម្លាភាព គណនេយ្យភាពសង្គម៕

