កូរ៉េខាងត្បូង កំពុងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយចិន លើវិស័យរ៉ែសំខាន់ៗ

សេអ៊ូល៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ប្រទេសកូរ៉េខាងត្បូង កំពុងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយចិន លើវិស័យរ៉ែសំខាន់ៗ បើតាមក្រសួងពាណិជ្ជកម្ម ទីក្រុងសេអ៊ូលបានដាក់ចេញផែនការ ដើម្បីធានាឱ្យបាននូវស្ថេរភាពនៃការផ្គត់ផ្គង់រ៉ែកម្រ ដែលជាតម្រូវការសម្រាប់បច្ចេកវិទ្យាទំនើបៗ។
ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានឱ្យដឹងថានឹងមានការបង្កើតសេវាទូរស័ព្ទទាន់ហេតុការណ៍ និងគណៈកម្មាធិការរួមមួយ ជាមួយអាជ្ញាធរចិន ដើម្បីជួយដល់ក្រុមហ៊ុនកូរ៉េខាងត្បូង ឱ្យនាំចូលរ៉ែរបស់ចិនកាន់តែលឿន និងអាចទុកចិត្តបាន។ អាជ្ញាធរនឹងកំណត់សារធាតុរ៉ែសំខាន់ ចំនួន ១៧មុខដែលត្រូវការសម្រាប់សន្តិសុខជាតិ ហើយរឹតបន្តឹងលើការត្រួតពិនិត្យ និងការវិភាគលើការផ្គត់ផ្គង់ ដើម្បីការពារបញ្ហាខ្វះខាតដែលមិននឹកស្មានដល់។
តាមក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង ដើម្បីធ្វើពិពិធកម្មប្រភពរ៉ែសំខាន់ៗ ទីក្រុងសេអ៊ូលក៏នឹងសហការជាមួយប្រទេសផ្សេងទៀត រួមមានសហរដ្ឋអាមេរិក វៀតណាម និងឡាវ។ រដ្ឋាភិបាលគ្រោងបែងចែកថវិការដ្ឋ ១៧២.៣៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ដែលកំពុងអភិវឌ្ឍរ៉ែនៅបរទេស៕

