គុយបាបដិសេធការអះអាងដែលថាខ្លួនកំពុងស្ថិតក្នុងការចរចាជាមួយ អាមេរិក ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់ការដាក់សម្ពាធមកលើប្រទេសដែនកោះមួយនេះ

ឡាហាវ៉ាន់៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២ ខែកុម្ភៈ រដ្ឋាភិបាលគុយបាបានបដិសេធ ការអះអាងដែលថាខ្លួនកំពុងស្ថិតក្នុងការចរចាជាមួយ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់ការដាក់សម្ពាធមកលើ ប្រទេសដែនកោះតំបន់ Caribbean មួយនេះ។
អនុរដ្ឋមន្រ្តីការបរទេសគុយបា លោក Carlos Fernandez de Cossio បាននិយាយថា ស្របពេលដែលមានការទាក់ទងគ្នាមួយចំនួន ជាមួយទីក្រុងវ៉ាស៉ីនតោន ហើយប្រទេសទាំងពីរបានផ្ញើសារទៅវិញទៅមក គឺមិនទាន់មានការចរចាណាមួយទេ ជាពិសេសនៅពេលនេះ។
កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក ត្រាំ បានអះអាងថា សហរដ្ឋអាមេរិក កំពុងចរចាជាមួយថ្នាក់ដឹកនាំនៅគុយបា ហើយលោក រំពឹងថា ប្រទេសទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងមួយ។ យ៉ាងណាមិញ លោកប្រធានាធិបតីមិនបានប្រាប់ថា កិច្ចព្រមព្រៀងនោះ អាចនឹងមានលក្ខណៈបែបណាឡើយ។ កាលពីថ្ងៃចន្ទ លោក ត្រាំ ក៏បានអះអាងស្រដៀងគ្នាប្រាប់អ្នកសារព័ត៌មាន នៅសេតវិមានផងដែរ។
គួរបញ្ជាក់ថា លោក ត្រាំ បានបង្កើនសម្ពាធលើទីក្រុងឡាហាវ៉ាន់ ចាប់តាំងពីថ្ងៃទី៣ ខែមករា ជាពេលដែលកងកម្លាំងយោធាពិសេស របស់អាមេរិក បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលជាសម្ព័ន្ធមិត្ត និងជាខ្នងបង្អែកហិរញ្ញវត្ថុដ៏សំខាន់របស់គុយបា។
កាលពីសប្តាហ៍មុន លោក ត្រាំ បានគំរាមដំឡើងពន្ធបន្ថែមលើប្រទេសណា ដែលហ៊ានលក់ឬផ្តល់ប្រេងឱ្យគុយបា។ ដោយសារតែ សម្ពាធពីទីក្រុងវ៉ាស៉ីនតោន រដ្ឋាភិបាលស្តីទីវ៉េណេស៊ុយអេឡា បានបញ្ឈប់ការបញ្ជូនប្រេងឱ្យគុយបា ហើយកាលពីថ្ងៃចន្ទ លោក ត្រាំ បានអះអាងថា អ្នកផ្គត់ផ្គង់ប្រេងចម្បងមួយទៀតរបស់គុយបា គឺម៉ិកស៉ិកក៏នឹងឈប់បញ្ជូនប្រេងដូចគ្នាដែរ៕

