គណបក្សគាំទ្រដោយយោធា ទទួលជ័យជម្នះយ៉ាងធំធេង ដោយកាន់កាប់អាសនៈភាគច្រើននៅក្នុងសភាមីយ៉ាន់ម៉ា

យ៉ាំងហ្គោន៖ បើតាមលទ្ធផលផ្លូវការដែលចេញផ្សាយដោយគណៈកម្មការរៀបចំការបោះឆ្នោតសហភាព (UEC) និងចុះផ្សាយដោយស៊ីនហួរ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា គណបក្សសាមគ្គីភាព និងការអភិវឌ្ឍសហភាព (USDP) ដែលត្រូវបានគេស្គាល់ថាជាគណបក្សគាំទ្រដោយយោធា បានទទួលជ័យជម្នះយ៉ាងធំធេង ដោយកាន់កាប់អាសនៈភាគច្រើននៅក្នុងសភាសហភាពរបស់មីយ៉ាន់ម៉ា។
យោងតាមតួលេខចុងក្រោយពី UEC គណបក្ស USDP ទទួលបានជោគជ័យក្នុងការដណ្តើមយក ២៣១អាសនៈនៅក្នុងសភាជាន់ទាប (Pyithu Hluttaw) និង ១០៨អាសនៈបន្ថែមទៀតនៅក្នុងសភាជាន់ខ្ពស់ (Amyotha Hluttaw)។ សរុបមក គណបក្សនេះគ្រប់គ្រងបាន ៣៣៩អាសនៈ នៅក្នុងសភាសហភាព។
ការបោះឆ្នោតទូទៅតាមបែបប្រជាធិបតេយ្យពហុបក្សលើកនេះ មានអាសនៈសម្រាប់ជ្រើសតាំងសរុបចំនួន ៤២០ ដែលត្រូវបានដាក់ឱ្យប្រកួតប្រជែងនៅទូទាំងប្រទេស។
ដំណើរការបោះឆ្នោតត្រូវបានបែងចែកជាបីដំណាក់កាលសំខាន់ៗ៖ ដំណាក់កាលទីមួយធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុង ១០២ក្រុង, ដំណាក់កាលទីពីរនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ក្នុង ១០០ក្រុង, និងដំណាក់កាលចុងក្រោយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្នុង ៦១ក្រុង។
គួរបញ្ជាក់ថា សភាសហភាពរបស់មីយ៉ាន់ម៉ាមានរចនាសម្ព័ន្ធពីរថ្នាក់ដែលមានអាសនៈសរុបចំនួន ៦៦៤ ដោយក្នុងនោះសភាជាន់ទាបមាន ៤៤០អាសនៈ និងសភាជាន់ខ្ពស់មាន ២២៤អាសនៈ៕

