លោក គីម ជុងអ៊ុន៖ មហាសន្និបាតរបស់គណបក្សពលករនៅពេលខាងមុខនឹងបញ្ចេញផែនការជំហានបន្ទាប់ ដើម្បីពង្រឹងបន្ថែមនូវ សមត្ថភាពកំញើញទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែររបស់កូរ៉េខាងជើង

សេអ៊ូល៖ បើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាមហាសន្និបាតរបស់គណបក្សពលករនៅពេលខាងមុខនឹងបញ្ចេញផែនការជំហានបន្ទាប់ ដើម្បីពង្រឹងបន្ថែមនូវ សមត្ថភាពកំញើញទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី២៨ ខែមករា បានរាយការណ៍ថាលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ការធ្វើតេស្តប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ ដោយជោគជ័យកាលពីថ្ងៃអង្គារម្សិលមិញ។ លោក គីម ក៏បាននិយាយដែរថាសមយុទ្ធនេះបានបង្ហាញពីការធ្វើបច្ចុប្បន្នភាពដ៏សំខាន់នៃកងកម្លាំងវាយប្រហារ ការចល័តទី និងការវាយប្រហារចំៗគោលដៅនៃប្រព័ន្ធអាវុធរបស់កូរ៉េខាងជើង។
លោកបានបន្តថាវាជាគោលនយោបាយដ៏សំខាន់របស់បក្សពលករកូរ៉េដើម្បីកសាងសមត្ថភាពវាយលុកដ៏មានប្រសិទ្ធភាព និងយុទ្ធសាស្ត្រកំញើញទប់ស្កាត់ការប៉ុនប៉ងណាមួយរបស់សត្រូវដើម្បី បង្កជម្លោះប្រដាប់អាវុធ។ កូរ៉េខាងត្បូង និងជប៉ុន កាលពីថ្ងៃអង្គារ បានថ្កោលទោសការបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន មិនបានធ្វើអត្ថាធិប្បាយអ្វីលម្អិតពីមហាសន្និបាតនៃគណបក្សពលកររបស់លោកនោះទេ។ មហាសន្និបាតនេះត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅប៉ុន្មានសប្ដាហ៍ ខាងមុខ ខណៈមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទឡើយទេ៕

