អភិបាលខេត្តព្រះវិហារ អញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរពេទ្យបង្អែក១៦មករា

ព្រះវិហារ៖ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ ប្រធានមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដោយលោកវេជ្ជណ្ឌិត ជូ ប៉ូនីណា ជំនួសលោក សុក វាសនា ត្រូវចូលនិវត្តន៍។
ពិធីនេះប្រកាសនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក និងមន្ត្រីសុខាភិបាលជាច្រើនរូបទៀត។
នៅក្នុងឱកាសនេះ ឯកឧត្ដម គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច ការងារប្រកបដោយការទទួល ខុសត្រូវខ្ពស់ ក្នុងការចូលរួមលើកកម្ពស់ វិស័យសុខាភិបាល សុខភាព អនាម័យ និងសុខុមាលភាពរបស់ប្រជាជននៅទូទាំងខេត្តព្រះវិហារ ជាពិសេសគឺក្រុមគ្រូពេទ្យទាំងអស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា «កងទ័ពអាវស» ជួយសង្គ្រោះអាយុជីវិតកងទ័ព និងប្រជាជនស៊ីវិល ដែលរងរបួសដោយសង្គ្រាមឈ្លានពាន របស់កងទ័ពថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងចូលរួមគាំទ្រលើផ្នែកសុខភាព អនាម័យ ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌល សុវត្ថិភាព និងតាមសហគមន៍ផងដែរ។
ឯកឧត្ដមអភិបាលខេត្តព្រះវិហារ បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះវិហារ លោកសូមសម្តែងនូវការអបអរសាទរចំពោះលោក ជូ ប៉ូនីណា ដែលត្រូវបានតែងតាំងជាប្រធាន មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ជំនួសលោក សុក វាសនា អតីតប្រធានមន្ទីរពេទ្យ ដែលត្រូវចូលនិវត្តន៍ ដើម្បីបន្តនិរន្តរភាព ការងារក្នុងការដឹកនាំ ស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងមានការត្រួតពិនិត្យវាយតម្លៃ ប្រកបដោយតម្លាភាព សុច្ចរិតភាព និងស្របតាមបែបបទ នីតិវិធីច្បាប់ជាធរមាន។
ឯកឧត្ដម គីម រិទ្ធី បានថ្លែងថា «ការផ្តល់ទំនុកចិត្ត តែងតាំងមុខតំណែងប្រធានមន្ទីរពេទ្យបង្អែកខេត្តនេះ គឺរដ្ឋបាលខេត្តបានចេញដីកាតែងតាំងលោក ជូ ម៉ូនីណា ជាប្រធានមន្ទីរពេទ្យអស់មួយរយៈមកហើយ ប៉ុន្តែដោយសារ ស្ថានភាពមមាញឹកទើបអូសបន្លាយពេលវេលាមករៀបចំពិធីប្រកាសនៅថ្ងៃនេះ»។
ឯកឧត្ដមអភិបាលខេត្តព្រះវិហារ បានណែនាំឱ្យលោកប្រធានមន្ទីរពេទ្យដែលទើបតែងតាំងថ្មី សូមបន្តខិតខំប្រឹងប្រែងអនុវតតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងរៀបចំលក្ខណៈសម្បត្តិ និងការអភិវឌ្ឍខ្លួនឱ្យបានពេញលេញក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ដោយបន្តខិតខំពង្រឹង សមត្ថភាព ចំណេះដឹង ដើម្បីបន្តគ្រប់គ្រង ដឹកនាំ ចាត់ចែងកិច្ចការជំនាញនៅក្នុងមន្ទីរពេទ្យ ឱ្យកាន់តែមានប្រសិទ្ធភាព រីកចម្រើនបន្ថែមទៀត សំដៅចូលរួមលើក កម្ពស់វិស័យសុខាភិបាល និងពង្រឹងខឿនសុខភាពប្រជាជន៕

