លោក Mark Carney៖ កាណាដាមិនមែនរស់ដោយសារ អាមេរិកឡើយ

អូតាវ៉ា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានឆ្លើយតបវិញទៅកាន់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានអះអាងនៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ថា ប្រទេសកាណាដា មិនរស់ដោយសារសហរដ្ឋអាមេរិក។
ថ្លែងចេញពីទីក្រុង Quebec នៃប្រទេសកាណាដា លោក Carney បានគូសបញ្ជាក់ថាយ៉ាងដូច្នេះថា «កាណាដាមិនមែនរស់ដោយសារ អាមេរិកឡើយ»។
ភ្លាមៗក្រោយមក លោក ត្រាំ ក្នុងថ្ងៃព្រហស្បតិ៍ដដែល ក៏បានបង្ហោះសារមួយលើបណ្តាញ Truth Social ប្រកាសលុបចោលការអញ្ជើញឱ្យកាណាដា ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលលោកប្រធានាធិបតីអាមេរិក ផ្តួចផ្តើមបង្កើតឡើង។
ការអត្ថាធិប្បាយនាថ្ងៃព្រហស្បតិ៍របស់លោក Carney ធ្វើឡើង បន្ទាប់ពីការថ្លែងសុន្ទរកថាមួយរបស់លោកក្នុងសប្តាហ៍នេះ អំឡុងវេទិកា WEF នៅទីក្រុង Davos នៃប្រទេសស្វីស ដែលពេលនោះ លោកបានបង្ហាញការយល់ឃើញថា កំពុងមានភាពប្រេះឆាក្នុងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់អន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ សម្តីបែបនោះ ត្រូវបានមតិភាគច្រើនមើលឃើញថា ជាការលើកឡើងដោយ ប្រយោលសំដៅលើការជះឥទ្ធិពលយ៉ាងរំខានរបស់លោក ត្រាំ ចំពោះកិច្ចការអន្តរជាតិ ចាប់តាំងពីរូបលោក បានត្រឡប់មកកាន់ អំណាចសាជាថ្មីនៅសេតវិមាន។
គួរបញ្ជាក់ថា មួយថ្ងៃបន្ទាប់ពីសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តីកាណាដា លោក ត្រាំ ក៏បានរិះគន់លោក Carney វិញ អំឡុងសុន្ទរកថារបស់លោក នៅវេទិកា WEF ផងដែរ។ លោក ត្រាំ បាននិយាយថា លោក Carney ហាក់មិនដឹងគុណសោះ ហើយលោកប្រធានាធិបតីអាមេរិក បានអះអាងថា កាណាដាគឺរស់ដោយសារសហរដ្ឋអាមេរិក៕

