ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញកិច្ចប្រជុំដំបូង ដើម្បីប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់តាខ្មៅ អាណត្តិទី៥

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញកិច្ចប្រជុំដំបូង ដើម្បីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់តាខ្មៅ អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតនៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្ដម គង់ សោភ័ណ្ឌ បានសំដែងនូវការកោតសរសើរអំពីការខិតខំអស់ពីកម្លំាងកាយចិត្ដរបស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់តាខ្មៅ អាណត្តិទី៤ ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ អនុវត្ដរាល់ភារកិច្ច សម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើនសម្រាប់ជាមូលដ្ឋានក្នុងការបន្ដអនុវត្ដការងាររបស់ក្រុមប្រឹក្សាសង្កាត់ អាណត្ដិទី៥នេះ បន្តទៀត។

ឯកឧត្ដម គង់ សោភ័ណ្ឌ បន្តថាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្តនិរន្តរភាព នៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំទៅមុខបន្តទៀត ដោយបន្តគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សាសង្កាត់អាណត្តិចាស់ សំដៅធានាឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។
ជាមួយគ្នានេះ ឯកឧត្ដម គង់ សោភ័ណ្ឌ ក៏ថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ និងលោកស្រី អស់លោក ជាចៅសង្កាត់ ជំទប់ទាំងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដើម្បីបន្តដឹកនាំរដ្ឋបាលសង្កាត់តាខ្មៅ ឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជាលោកស្រី អស់លោក មានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។ ហេតុនេះ នៅក្នុងអាណត្តិការងារ ០៥ឆ្នាំនេះ លោកស្រី អស់លោកជាសមាជិកក្រុមប្រឹក្សា ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ៕
