ក្រសួងការងារ ពង្រឹងចំណេះដឹងច្បាប់ការងារដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និងសហជីព ៣០០នាក់ ក្នុងខេត្តតាកែវ

តាកែវ៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកមូល វិចិត្រ អភិបាលរងខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីបទប្បញ្ញត្តិច្បាប់ស្តីពីការងារ ដល់រដ្ឋបាល សហជីព ប្រតិភូបុគ្គលិក នៃសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់ មកពី១០០ សហគ្រាស ក្រុមហ៊ុន រោងចក្រក្នុងខេត្តតាកែវ។
គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដល់ផ្នែករដ្ឋបាល សហជីព និងប្រតិភូបុគ្គលិក ឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ការងារ និងលិខិតបទដ្ឋាននានា។ ការយល់ដឹងនេះនឹងជួយឱ្យការបំពេញភារកិច្ចកាន់តែមានប្រសិទ្ធភាព សំដៅធានាឱ្យបាននូវអនុលោមភាពតាមច្បាប់ និងបង្កើនផលិតភាពការងារនៅក្នុងសហគ្រាសនីមួយៗ។
ការបណ្តុះបណ្តាលនេះផ្តោតសំខាន់លើប្រធានបទចំនួន ៣ រួមមាន៖ លក្ខខណ្ឌទូទៅនៃការងារ, ការអនុវត្តកិច្ចសន្យាការងារ, និង យន្តការដោះស្រាយវិវាទការងារ។ មេរៀនទាំងនេះគឺជាគន្លឹះសំខាន់សម្រាប់សម្របសម្រួលរវាងកម្មករនិយោជិត និងនិយោជក ដើម្បីបង្ការ និងកាត់បន្ថយជម្លោះការងារផ្សេងៗ ដែលអាចប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្ម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍចំណេះដឹងផ្នែកច្បាប់ដល់តួអង្គពាក់ព័ន្ធ គឺជាការវិនិយោគលើមូលធនមនុស្សដើម្បីស្ថិរភាពសង្គម-សេដ្ឋកិច្ច។
ឯកឧត្តមក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់រៀនសូត្រ និងសហការជិតស្និទ្ធជាមួយមន្ត្រីជំនាញ ដើម្បីដោះស្រាយបញ្ហានានានៅកន្លែងធ្វើការឱ្យបានទាន់ពេលវេលា និងប្រកបដោយវិជ្ជាជីវៈ៕

