អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២៦-២០២៨

ស្វាយរៀង៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២៦-២០២៨ ខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការអង្គភាព/ចំណុះសាលាខេត្ត លោកស្រីអនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត និងតំណាងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត។
មានប្រសាសាន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការកសាងផែនការវិនិយោគ ៣ឆ្នាំរំកិល ពិតជាមានសារៈសំខាន់ព្រោះវាស្ថិតនៅក្នុងសំណូមពរ និងតម្រូវការជាក់ស្តែងដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាសាធារណៈដែលរដ្ឋបាលខេត្តបានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលកន្លងទៅរួមមាន បញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរ ដែលជាតម្រូវការចាំបាច់ជាក់ស្តែងក្នុងមូលដ្ឋានសម្រាប់ជាប្រយោជន៍ដល់សហគមន៍ ក៏ដូចជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋចង់បានរួមមាន ផ្លូវថ្នល់ ប្រឡាយទឹក បណ្តាញអគ្គិសនី ទឹកស្អាត ទីផ្សារកសិកម្ម នឹងតម្រូវការសំខាន់ផ្សេងៗទៀត ដែលជាធាតុចូលនៅក្នុងការធ្វើផែនការវិនិយោគ៣ឆ្នាំរំកិលហើយចងក្រងជាសៀវភៅដែលកិច្ចប្រជុំបានពិនិត្យក្នុងកិច្ចប្រជុំនៅថ្ងៃនេះ។
ឯកឧត្តម អភិបាលខេត្ត បន្ថែមថា កម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្តស្វាយរៀង គឺជាឯកសារផែនការមួយដ៏មានសារសំខាន់បំផុតដែលបានប្រមូលផ្តុំគំនិត និងធនធានទាំងឡាយ ដើម្បីរៀបចំជាគម្រោងវិនិយោគសាធារណៈជាក់ស្ដែងសម្រាប់អនុវត្ត និងការគៀងគរប្រភពទុនដទៃទៀត ជំរុញដល់ការអភិវឌ្ឍខេត្តឱ្យបានកាន់តែឆាប់រហ័ស និងទាន់ពេលវេលា សំដៅឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងសំដៅជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យ គោលដៅនិងគោលបំណងនៃផែនការអភិវឌ្ឍន៍ខេត្តស្វាយរៀង ក្នុងរយៈពេល៥ឆ្នាំទៀតផង ដោយអាស្រ័យលើការរៀបចំកសាងនិងចាត់ចែងអនុវត្តនូវកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត ប្រកបដោយភាពសុក្រឹត្យ ដោយផ្អែកលើធនធាន ឱកាស និងពេលវេលាដែលមានជាក់ស្តែង៕

