លោកជំទាវ ជ្រឹង បុទុមរង្សី ទទួលជំនួបសម្តែងការគួរសម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋលីទុយអានី ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីសិង្ហបុរី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពី ឯកឧត្តម Darius GAIDYS បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម ឯកឧត្តម Darius GAIDYS ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋលីទុយអានីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីសិង្ហបុរី នៅទីស្តីការក្រសួង ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតសំខាន់លើកាលានុវត្តភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាលើកិច្ចសហប្រតិបត្តិការពហុភាគី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ផងដែរ៕

