ឆ្នាំ២០២៥ ខេត្តតាកែវ មានក្រុមហ៊ុនរោងចក្រសហគ្រាស មកបណ្ដាក់ទុនវិនិយោគចំនួន ៩៥ក្រុមហ៊ុន បើធៀបនឹងឆ្នាំ២០២៤ មានការកើនឡើង

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា ក្នុងឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលខេត្តតាកែវ មានក្រុមហ៊ុនរោងចក្រសហគ្រាស មកបណ្ដាក់ទុនវិនិយោគ នៅទូទាំងខេត្តតាកែវ មានចំនួន ៩៥ក្រុមហ៊ុន បើធៀបនឹងឆ្នាំ២០២៤ មានការកើនឡើងផងដែរ។
ការលើកឡើងរបស់ ឯកឧត្តម វ៉ី សំណាង នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តតាកែវ ដែលកិច្ចប្រជុំនេះ បានរៀបចំរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង ខេត្ត លោកនាយក នាយករងរដ្ឋបាល លោកនាយក នាយករងទីចាត់ការ សាលាខេត្ត លោក លោកស្រិ ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលក្រុងស្រុក លោកអធិការ លោកមេបញ្ជាការអាវុធហត្ថ មូលដ្ឋានស្រុកក្រុង លោកមេបញ្ជាការផ្នែកសឹករងស្រុកក្រុង លោកមេឃុំចៅសង្កាត់ និងលោកមេប៉ុស្ដិ៍រដ្ឋបាលឃុំសង្កាត់ នៅទូទាំងខេត្តតាកែវ។
ក្នុងនោះផងដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា «ក្នុងឆ្នាំ២០២៥នេះ ខេត្តតាកែវ មាន គម្រោងវិនិយោគបង្កើតរោងចក្រក្នុងខេត្តតាកែវតាមរយៈការចុះបញ្ជីនៅ៖ CDC មានចំនួន ៤៤ក្រុមហ៊ុន បើធៀបនឹង ឆ្នាំ២០២៤ កើនឡើង១២០%។ ក្នុងនោះដែរ អនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ មានចំនួន ៥១ក្រុមហ៊ុន កើនឡើង២៩២%»។
ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថាលទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែង របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការថែរក្សា សន្តិភាព ស្ថេរភាពនយោបាយ ការថែរក្សាសន្តិសុខសុវត្ថិភាព ផ្តល់ឱកាសដល់អ្នកវិនិយោគគ្រប់ជាតិសាសន៍ ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕

