មន្រ្តីបរិស្ថានខេត្តក្រចេះ ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការឃាត់ខ្លួននិងបញ្ជូនជនល្មើសម្នាក់ទៅតុលាការ

ភ្នំពេញ៖ កម្លាំងមន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃសំបូរ នៃមន្ទីរបរិស្ថានខេត្តក្រចេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរទទួលបន្ទុក លោក នាយកដែន និងលោកប្រធានស្នាក់ការដែន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានចុះបង្រ្កាប បទល្មើសធនធានធម្មជាតិ កាប់ ផ្តួល រំលំ រុករានដីព្រៃ បំផ្លាញព្រៃឈើ ធ្វើជាកម្មសិទ្ធិខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ភូមិសាស្រ្តឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។
ក្នុងពេលជាមួយគ្នានេះ ក្រុមការងារបានឃាត់ជនសង្ស័យ១នាក់ ព្រមទាំងរឹបអូសបាននូវវត្ថុតាងរួមមាន ម៉ូតូចំនួន០១គ្រឿង និងទូរសព្ទដៃ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានរក្សាទុក នៅខេត្តក្រចេះ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។
សកម្មភាពខាងលើ គឺជាសកម្មភាពខុសច្បាប់ ដែលមានចែងក្នុងមាត្រា៨៥១ ស្ដីពីបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ក្នុងតំបន់ការពារធម្មជាតិ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមានមួយចំនួនទៀត។
សូមបញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិខាងលើនេះ ក៏មានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ និងមានការដឹកនាំចង្អុលបង្ហាញគាំទ្រពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រចេះ និងក្រុមលេខាធិការដ្ឋាននៃគណ:កម្មការការពារទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិខេត្តក្រចេះ និងការអនុវត្តវិធានការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕

