តំណាងក្រសួងការងារ អញ្ជើញចូលរួមពិធីបូកសរុបរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ និងផែនការឆ្នាំ២០២៦ របស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU)

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ និងផែនការឆ្នាំ២០២៦ របស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) ។
យោងតាមរបាយការណ៍ឆ្នាំ២០២៥ របស់លោក ឈិន សូនី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) អាណត្តិទី៨ លើកឡើងពីវឌ្ឍនភាពការងារ ដែលបច្ចុប្បន្នមានសហព័ន្ធសហជីពចំនួន១០ និងសមាគមចំនួន២ សហជីពមូលដ្ឋានចំនួន៧៤ និងសមាជិកសរុបចំនួន ៤៨,២៩១ នាក់ (ស្រី ៣៨,២៩២ នាក់)។
ក្នុងឆ្នាំកន្លងទៅ សហភាពបានសម្រេចសមិទ្ធផលសំខាន់ៗលើការការពារសិទ្ធិកម្មករ ការដោះស្រាយវិវាទដោយសន្តិវិធី និងការបណ្តុះបណ្តាលច្បាប់ស្ដីពីការងារដល់សមាជិក។ លើសពីនេះ CCTU បានពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងស្អិតរមួតជាមួយអង្គការ ILO, JILAF (ជប៉ុន), ACFTU (ចិន) និង VGCL (វៀតណាម) ។
ក្នុងឱកាសដ៏មានអត្ថន័យនៃខួបអនុស្សាវរីយ៍លើកទី៤៧ នៃថ្ងៃជ័យជម្នះ ៧ មករា ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអបអរសាទរយ៉ាងជ្រាលជ្រៅដល់ថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលអាចរស់នៅក្រោមដំបូលសន្តិភាពឡើងវិញ។ ជាមួយគ្នានេះ ឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ CCTU ទាំងអស់ដែលបានរួមគ្នាក្នុងស្មារតីសាមគ្គីភាព សម្រេចបាននូវសមិទ្ធផលជាច្រើន ព្រមទាំងកសាងបាននូវជំនឿជឿជាក់ពីបងប្អូនកម្មករនិយោជិត និងដៃគូនានា ជាពិសេសពីបណ្តាសហជីពអន្តរជាតិ។
កន្លងមក CCTU តែងតែចូលរួមយ៉ាងសកម្មភាពក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការងារជួយសង្គមជាពិសេសក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានដោយយោធាថៃ បានចលនាស្មារតីស្នេហាជាតិ ទាំងក្នុង និងក្រៅប្រទេស រួមទាំងការផ្ដល់អំណោយជួយដល់វីរកងទ័ព និងជនភៀសសឹក។
នាឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ ដល់ក្រុមប្រឹក្សាភិបាល CCTU នូវចំណុចសំខាន់ៗមួយចំនួន ដែលសហភាពកំពុងដើរតួរជាលេខាធិការដ្ឋានក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា (ITUC-CC) ឱ្យបន្តចូលរួមឱ្យសកម្ម ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពវិវត្តន៍រីកចម្រើននូវកម្ពុជា ក្នុងការកសាងនូវសេរីភាពអង្គការវិជ្ជាជីវៈ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។
ទន្ទឹមនឹងនេះ សូមបន្តខិតខំពង្រឹងសមត្ថភាព ដោយលើកទឹកចិត្តឱ្យសមាជិក-សមាជិកា ចូលរួមវគ្គបណ្ដុះបណ្ដាលលើប្រធានបទនានាដែលឆ្លើយតបនឹងការវិវត្តន៍បច្ចេកវិទ្យា និងការប្រែប្រួលទាំងសង្គម និងសេដ្ឋកិច្ចជាពិសេសចំណេះដឹងភាពជាអ្នកដឹកនាំ។ ត្រូវយកចិត្តទុកដាក់ក្នុងការចាប់យកយុវជនដែលមានសមត្ថភាពក្នុងជួរកម្មករនិយោជិត មកបណ្តុះបណ្តាល និងផ្តល់ឱកាសសម្រាប់បន្តវេន ដើម្បីធានាប្រសិទ្ធភាពនិងការជឿជាក់ពីគ្រប់មជ្ឈដ្ឋានលើការដឹកនាំ CCTU ប្រកបដោយតម្លាភាព គណនេយ្យភាព និងវិជ្ជាជីវៈ តំណាងឱ្យសំឡេងបងប្អូនកម្មករនិយោជិត៕
#MLVT #HENGSour

