CAMPSDA ត្រឡប់មកជាថ្មីម្ដងទៀត ជាមួយកម្មវិធីប្រកួត និយាយជាសាធារណៈ

ភ្នំពេញ៖ សមាគមនិយាយជាសាធារណៈ និងដេញដោលមតិនៅកម្ពុជា ហៅកាត់ថា CAMPSDA បាននឹងកំពុងបើកការចុះឈ្មោះចូលរួម ប្រកួតនិយាយជាសាធារណៈក្នុងកម្មវិធី CAMPSDA Public Speaking Season2 សម្រាប់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ។ ការទទួលពាក្យចូលរួមប្រកួតនេះ នឹងផុតកំណត់ម៉ោង ១១:៥៩នាទីយប់ថ្ងៃទី៤ កក្កដានេះ។
យុវជន មាស សុបញ្ញា បានប្រាប់ស៊ីស៊ីថាមស៍ថា ការទទួលពាក្យប្រកួតនិយាយជាសាធារណៈនៅក្នុងរដូវកាលនេះ នឹងបើកជាសាធារណៈ ដែលកម្មវិធីប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ១៧ និង២៤ ខែកក្កដា ខាងមុខនេះ តាមរយៈអនឡាញនៃវគ្គចាប់ផ្ដើម និងធ្វើឡើងដោយផ្ទាល់នៅវគ្គផ្ដាច់ព្រ័ត្រ។

យុវជន បញ្ញា បានបន្ដថា មុននឹងការប្រកួតចាប់ផ្ដើមនៅខែកក្កដា ខាងមុខនេះ CAMPSDA ក៏មានការបង្ហាត់បង្រៀន ពីការនិយាយជាសាធារណៈទៅ ដល់បេក្ខជនទាំងថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យផងដែរ។ មិនតែប៉ុណ្ណោះ បេក្ខជនដែលចូលរួមប្រកួតនឹង ទទួលបានកាដូលើកទឹកចិត្តរួមជាមួយ វិញ្ញាបនប័ត្របញ្ជាក់ការចូលរួម ហើយក៏នឹងមានឱកាសទទួលបាន មេដាយនិងពានរង្វាន់ផ្សេងៗទៀតផង។

គួរបញ្ជាក់ថា បើទោះបីជាការប្រកួតនិយាយជាសាធារណៈ ថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យ ធ្វើឡើងក្នុងពេលតែមួយក្ដី ប៉ុន្ដែការក្រកួតមានការបែងចែក ដាច់ដោយឡែករវាងថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យ ។

សម្រាប់ការចុះឈ្មោះ សូមចូលទៅកាន់៖ https://bit.ly/3OlkK1F ៕

