អាកាសយានដ្ឋានចំនួន ៣ក្នុងចំណោមអាកាសយានដ្ឋានទាំង ៤នៃទីក្រុងមូស្គូ ត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន បន្ទាប់ពីអ៊ុយក្រែនបាញ់ដ្រូនរាប់សិបគ្រឿងមកកាន់រដ្ឋធានីរុស្ស៉ីមួយនេះ

មូស្គូ៖ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ អាកាសយានដ្ឋានចំនួន ៣ក្នុងចំណោមអាកាសយានដ្ឋានទាំង ៤នៃទីក្រុងមូស្គូ ត្រូវផ្អាកចរាចរណ៍ផ្លូវអាកាសជាបណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីអ៊ុយក្រែនបានបាញ់ដ្រូនរាប់សិបគ្រឿងមកកាន់រដ្ឋធានីរុស្ស៉ីមួយនេះ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីរាយការណ៍ថា ការវាយប្រហារនេះនាំឱ្យជើងហោះហើរជាច្រើនត្រូវពន្យារពេល រួមទាំងនៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតទីពីររបស់ទីក្រុងមូស្គូ គឺ Vnukovo។
អ្នកនាំពាក្យរបស់និយតករអាកាសចរណ៍រុស្ស៉ី Rosaviatsia បានប្រកាសពីការបិទនៅចន្លោះម៉ោង ១យប់ និងម៉ោង ២យប់ឈានចូលថ្ងៃចន្ទនេះ ដេីម្បីធានាសុវត្ថិភាព។
តិចជាងមួយម៉ោងក្រោយមក អាកាសយានដ្ឋាន Vnukovo, Domodedovo និង Zhukovsky បានបើកឡើងវិញដោយផ្នែក។ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin និយាយថា កងការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនយ៉ាងហោចណាស់ ២៧គ្រឿង ដែលឆ្ពោះមកកាន់រដ្ឋធានីកាលពីថ្ងៃអាទិត្យ។ ភ្លាមៗ មិនទាន់មានការឆ្លេីយតបពីអ៊ុយក្រែនទេ៕

