ប្រជាពលរដ្ឋជាង៧០០នាក់ នៅក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ បានទទួលការអប់រំពីកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ស្ដីពីជំងឺគ្រុនឈាម
ភ្នំពេញ៖ កាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ទៅលើការឈឺថ្កាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាមួយជំងឺគ្រុនឈាម និងដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនារដូវវស្សានេះ ឯកឧត្តមបណ្ឌិតក៏បានឱ្យក្រុមប្រតិបត្តិសាខា សហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះទៅផ្សព្វផ្សាយអប់រំ ពីវិធីកម្ចាត់មូលខ្លាក្នុងគោលបំណងការពារជំងឺគ្រុនឈាមកុំឱ្យរីករាលដាលនៅក្នុងសហគមន៍ខេត្តត្បុងឃ្មុំ ដោយចាប់ផ្តើមពីចំណុចឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
កិច្ចសហការនេះ មានការអញ្ជើញចូលរួមពី ក្រុមការងារអនុសាខាស្រុកគោលដៅ អ្នកស្ម័គ្រចិត្ត លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត សរុបប្រមាណជាជាង៧០០នាក់ ក្នុងនោះស្រីប្រមាណជា៣៨៩នាក់ តាមរយ:ការផ្សព្វផ្សាយជាសារសម្លេងតាមមេក្រូ ការចូលរួមផ្តល់ជាខិត្តប័ណ្ណ ការបិតប័ណ្ណអប់រំតាមដើមឈើនៅលើទីសាធារណៈ និងដាក់ថ្នាំអាល់ប៊ែតជាដើម។ល។
បន្ទាប់ពីការអប់រំផ្សាយផ្សាយពីវិធីកម្ចាត់មូលខ្លាដល់អនុសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាឃុំ និងបងប្អូនប្រជាពលរដ្ឋរួចមក សាខា និងមន្ទីរសុខាភិបាលខេត្ត បានសង្ឃឹមយ៉ាងមុតមាំថា ពួកគាត់នឹងយកទៅអនុវត្តន៍នៅតាមគេហដ្ឋាននីមួយៗ និងអាចយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្តដល់សហគមន៍រួមគ្នាការពារបានទាំងអស់គ្នា។
សម្ភារៈដែលបានប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយរួមមាន មេក្រូបំពងសម្លេង១ ខិត្តប័ណ្ណអប់ពីវិធានបង្ការជំងឺគ្រុនឈាមខ្នាតA4ចំនួន២០០សន្លឹក ខិត្តប័ណ្ណអប់រំជំងឺគ្រុនឈាមទំហំA2ចំនួន១០០សន្លឹក និងថ្នាំអាល់ប៊ែតមួយចំនួនផងដែរ៕