ឯកឧត្ដម មាន ចាន់យ៉ាដា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣៦៧គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពស្រុកចុងកាល់

ឧត្ដរមានជ័យ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដោយសារការភៀសខ្លួនចេញពីតំបន់ជួរមុខ ឯកឧត្ដម មាន ចាន់យ៉ាដា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្ដរមានជ័យ តំណាងឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣៦៧គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាព ស្រុកចុងកាល់ នៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៥នេះ។
ឯកឧត្ដម មាន ចាន់យ៉ាដា លើកឡើង “សូមបងប្អូនកុំមានការព្រួយបារម្ភខ្លាំងពេក អជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធរបស់យើង នៅក្បែរបងប្អូនគ្រប់ពេលវេលា។ យើងនឹងខិតខំការពារសន្តិសុខ និងធានាថាបងប្អូនមានអាហារហូបចុក រហូតដល់ស្ថានភាពវិលមករកភាពប្រក្រតីវិញ។”
គួរបញ្ជាក់ថា ការចុះសួរសុខទុក្ខនិងចែកអំណោយនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលតែងតែនៅក្បែរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាដែលមាតុភូមិជួបការគំរាមកំហែងពីខាងក្រៅ៕

