អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើង និងទៀនធូប នៅដើមរដូវប្រាំង និងគោរពច្បាប់ចរាចរណ៍

កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នាដើមរដូវប្រាំងហួតហែងនេះ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ភ្លើង ផ្សែង និងទៀនធូបនានា សូមកុំឱ្យមានការធ្វេសប្រហែសណាមួយដែលបង្កឱ្យមានអគ្គីភ័យ ឬដោយហេតុការណ៍ផ្សេងៗ ពិសេសការធ្វើដំណើរសូមមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ ជៀសឱ្យផុតពីគ្រោះថ្នាក់នានា។
ការអំពាវនាវនេះធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ១៨ភូមិ សរុបចំនួន ១០៨៣៦បណ្ណ នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នៅបរិវេណវត្តចំបក់ ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួលដោះស្រាយវិវាទដីធ្លីខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
មានប្រសាសន៍ក្នុងពិធីចែកបណ្ណ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ហើយការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
ឯកឧត្ដម អភិបាលខេត្ត បន្តថា រដ្ឋបាលខេត្តកណ្ដាល ប្ដេជ្ញាចេញបានកម្មសិទ្ធិដីជូនប្រជាពលរដ្ឋឱ្យអស់ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦ខាងមុខនេះ ដោយផ្អែកទៅតាមលទ្ធផលការងារកន្លងមក ខេត្តកណ្ដាល នៅសល់២៨ភូមិទៀត ដែលត្រូវបិទផ្សាយ និងនៅសល់ប្រមាណជិត៣០០ភូមិទៀត ដែលត្រូវបន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ៕

