លោក ហេង គង់ម៉េង ដឹកនាំក្រុមការងាររៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ

កំពង់ចាម៖ ថ្ងៃសុក្រ ១៥កើត ខែមគិសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក ហេង គង់ម៉េង អនុប្រធាននាយកដ្ឋាន តំណាងលោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងាររៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ ដោយមានការអញ្ជើញចូលរួមជាអធីបតីពី ឯកឧត្តម ឃន ប្រុសអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម។
សិក្ខាសាលាខាងលើមានគោលបំណងពិភាក្សា ប្រមូលធាតុចូលបន្ថែមពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្រ្តីភូមិ រួមមាន មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីភូមិ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ មានការចូលរួមពីរក្រុមការងារនៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងយូនីសេហ្វ តំណាងទីចាត់ការផែនការវិនិយោគ និងទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្តកំពង់ចាម និងខេត្តកំពង់ធំ តំណាងរដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អ ក ន ក ឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ សរុបប្រមាណ ៦០រូប ស្រី ១៨រូប។

