លោក ដូណាល់ ត្រាំ មានផែនការបង្កើនចំនួនប្រទេសដែលត្រូវបញ្ចូលក្នុងបញ្ជីខ្មៅហាមឃាត់ការធ្វើដំណើរចូលក្នុងសហរដ្ឋអាមេរិក ពី១៩ប្រទេស ដល់ច្រើនជាង៣០ប្រទេស

Reuters៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោកស្រី Kristi Noem កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ បាននិយាយថារដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ មានផែនការបង្កើនចំនួន ប្រទេសដែលត្រូវបញ្ចូលក្នុងបញ្ជីខ្មៅហាមឃាត់ការធ្វើដំណើរចូលក្នុងសហរដ្ឋអាមេរិក ពី១៩ប្រទេស ដល់ច្រើនជាង៣០ប្រទេស។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី The Ingraham Angle របស់ទូរទស្សន៍ Fox News លោកស្រី Noem ត្រូវបានសាកសួរថាតើរដ្ឋបាលលោក ត្រាំ ពិតជានឹងបង្កើនចំនួនប្រទេសដែលត្រូវជាប់បម្រាមធ្វើដំណើរដល់ ៣២ប្រទេសមែនដែរឬក៏យ៉ាងណា? លោកស្រីបានឆ្លើយថា «ខ្ញុំមិនបញ្ជាក់ពីតួលេខជាក់លាក់ទេ ប៉ុន្តែវាអាចនឹងលើសពី៣០ប្រទេស ហើយលោកប្រធានាធិបតីកំពុងបន្តធ្វើការវាយតម្លៃលើបណ្ដាប្រទេសទាំងនោះ»។
លោកស្រី Noem ក៏មិនបានបញ្ជាក់ថាតើមានប្រទេសណាខ្លះដែលនឹងត្រូវបញ្ចូលបន្ថែមទៅក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរនោះដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកបានគ្រោង បញ្ឈប់ការធ្វើអន្តោប្រវេសន៍ពីក្រុមប្រទេសដែលលោកហៅថាប្រទេសលោកទី៣ ឬប្រទេសតតិយលោក បន្ទាប់ពីមានករណីជនអន្តោប្រវេសន៍ បាញ់ប្រហារលើទាហានឆ្មាំជាតិអាមេរិក២នាក់ នៅរដ្ឋធានីវ៉ាស៉ីនតោន៕
