លោក Jared Isaacman ៖ គោលដៅរបស់លោក គឺធ្វើយ៉ាងណាឱ្យសហរដ្ឋអាមេរិក យកឈ្នះលើចិនក្នុងការប្រកួតប្រជែងបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទសាជាថ្មី

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ លោក Jared Isaacman ដែលត្រូវបានប្រធានាធិបតី លោក ដូណាល់ ត្រាំ តែងតាំងឱ្យដឹកនាំ ទីភ្នាក់ងារអវកាសអាមេរិក NASA បាននិយាយថា គោលដៅរបស់លោក គឺធ្វើយ៉ាងណាឱ្យសហរដ្ឋអាមេរិក យកឈ្នះលើចិនក្នុងការប្រកួតប្រជែងបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទសាជាថ្មី។
លោក Isaacman បានលើកឡើងដូចខាងលើ អំឡុងសវនាការនៅព្រឹទ្ធសភា ដើម្បីសម្រេចលើការតែងតាំងរូបលោក។
លោក Isaacman បាននិយាយថា ប្រសិនបើត្រូវបានអនុម័តឱ្យចូលកាន់តំណែងជាផ្លូវការ រូបលោកនឹងធានាឱ្យបាននូវជោគជ័យ នៃកម្មវិធីរុករកឋានព្រះចន្ទ Artemis ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ អំឡុងអាណត្តិទី១ របស់លោក ត្រាំ។
លោក Isaacman បានអះអាងថា អវកាសយានិកអាមេរិក នឹងត្រឡប់ទៅដល់លើផ្ទៃព្រះចន្ទសាជាថ្មី មុនគូប្រជែងធំបំផុតរបស់ខ្លួន ហើយនឹងបង្កើតវត្តមានរយៈពេលនៅទីនោះ ដើម្បីទាញយកតម្លៃផ្នែកវិទ្យាសាស្រ្ត សេដ្ឋកិច្ច និងសន្តិសុខជាតិ នៃផ្ទៃរបស់ព្រះចន្ទ។
លោក Isaacman អាយុ៤២ឆ្នាំ គឺជាមហាសេដ្ឋីនិងជាអវកាសយានិកឯកជន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ កំពូលមហាសេដ្ឋី Elon Musk។ កាលពីខែមេសា ឆ្នាំនេះ លោក ត្រាំ ធ្លាប់បានដកបេក្ខភាពរបស់លោក Isaacman ម្តងរួចមកហើយ ដោយសារតែផ្ទុះជម្លោះជាមួយលោក Musk ប៉ុន្តែក្រោយមក ក៏បានសម្រេចតែងតាំងលោក Isaacman ឡើងវិញ ដែលជាទង្វើឆ្លុះបញ្ចាំងឱ្យឃើញថា លោក ត្រាំ និងលោក Musk ហាក់បានផ្សះផ្សាគ្នាវិញ។
គួរបញ្ជាក់ថា វាមានរយៈពេល៥៣ឆ្នាំហើយ ចាប់តាំងពីមានមនុស្សទៅជាន់លើផ្ទៃព្រះចន្ទជាលើកចុងក្រោយ។ អំឡុងការរត់ប្រណាំងវិស័យអវកាស កាលពីសម័យសង្រ្គាមត្រជាក់ ជាមួយសហភាពសូវៀត អាមេរិកបានសម្រេចការធ្វើបែបនោះលើកចុងក្រោយ តាមរយៈបេសកកម្ម Apollo 17 កាលពីខែធ្នូ ឆ្នាំ១៩៧២៕

