លោក លី យ៉ាសាក់ ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៥ របស់នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៥ របស់នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។
ជាកិច្ចចាប់ផ្ដើម កិច្ចប្រជុំបានលើកឡើងពីសមាសភាពចូលរួមពី លោក លោកស្រីដែលជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តី សរុបប្រមាណ២៩រូប ស្រី៦រូប។
កិច្ចប្រជុំនេះមានគោលបំណង៖
១. ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ខែវិច្ឆិកា ឆ្នាំ២០២៥
២. ដាក់ទិសដៅបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៥
៣. បញ្ហាផ្សេងៗ និងបិទអង្គប្រជុំ។
គួរបញ្ជាក់ផងដែរថា នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល បានដើរតួយ៉ាងសំខាន់ស្របតាមតួនាទី ភារកិច្ច ក្នុងការជួយគាំទ្រការអនុវត្តការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិលើផ្នែកសំខាន់ៗដូចខាងក្រោម៖
– ការរៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ
– ការតាមដាន ត្រួតពិនិត្យ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
– ការកសាងផែនការ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់
– ការលើកកម្ពស់លើការអនុវត្តគម្រោងមូលនិធិក្រុង ស្រុក ឃុំ សង្កាត់
– សម្របសម្រួលការផ្ទេរមូលនិធិក្រុង ស្រុក ឃុំ សង្កាត់
– ការលើកកម្ពស់ការអនុវត្តការងារសេវាសង្គម។
ឆ្លៀតក្នុងឱកាសនេះ លោកប្រធាននាយកដ្ឋានក៏បានណែនាំដល់ក្រុមការងារនាយកដ្ឋានទាំងអស់ឱ្យចូលរួមកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិកតាមលទ្ធភាពដែលអាចធ្វើបាន។ព្រមជាមួយនេះ ការអនុវត្តការងារនៅនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្រ្តីទាំងអស់តែងគិតគូរលើគុណតម្លៃចាំបាច់ចំនួន៤ រួមមាន ១-ប្រជាពលរដ្ឋជាស្នូល ២-ការគោរពគ្នាទៅវិញទៅមក ៣-នវានុវត្តន៍ ៤-កិច្ចសហការល្អ៕

