ចំនួនអ្នកស្លាប់ដោយការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា បានកើនឡើងលើស ៧០ ០០០នាក់ហើយ ខណៈដែលសាកសពត្រូវបានរកឃើញជាបន្តបន្ទាប់

ហ្កាហ្សា៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសុខាភិបាលហ្កាហ្សា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ បានកើនឡើងលើស ៧០ ០០០នាក់ហើយ ខណៈដែលសាកសពត្រូវបានរកឃើញជាបន្តបន្ទាប់។
ក្រសួងសុខាភិបាលហ្កាហ្សា បានបន្ថែមថា មនុស្សសរុប ៣០១ នាក់ត្រូវបានបន្ថែមទៅក្នុងចំនួនអ្នកស្លាប់ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលនាំឱ្យតួលេខសរុបកើនឡើងដល់ ៧០ ១០០នាក់។ អ៉ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយទេអំពីតួលេខថ្មីនេះ។
ការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលនៅហ្កាហ្សា ដែលបង្កឡើងដោយការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសចូលទឹកដីអ៉ីស្រាអែល កាលថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ បានបន្សល់ទុកឱ្យតំបន់ភាគច្រើនរងការខូចខាត ធ្វើឱ្យពិបាកក្នុងការប្រមូលព័ត៌ជាក់លាក់ អំពីចំនួនអ្នកស្លាប់ និងរបួស។ ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយមួយ ចូលជាធរមាននាថ្ងៃទី១០ ខែតុលា សេចក្តីរាយការណ៍អំពីអ្នកស្លាប់បានកើនឡើងជាលំដាប់ ខណៈអាជ្ញាធរនៅទីនោះឆ្លៀតឱកាសនៃភាពស្ងប់ស្ងាត់ ដើម្បីស្វែងរកសាកសពនៅក្នុងគំនរបាក់បែក៕

