ឯកឧត្ដម ម៉ៅ សុផាន់ អញ្ជើញប្រកាសចាត់តាំង និងកែសម្រួលប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្ដម គីម រិទ្ធី អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងមន្ត្រីគណបក្សជាច្រើនរូបទៀត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចាត់តាំង និងកែសម្រួលប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ។
ឯកឧត្ដម ម៉ៅ សុផាន់ បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការដ៏មហាមបវរប្រសើរពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចអនុប្រធានគណបក្សទាំងអស់ ជូនចំពោះថ្នាក់ដឹកនាំ សមាជិកគណបក្សទាំងអស់ ដែលមានវត្តមាននៅទីនេះ ប្រកបដោយមនោសញ្ចេតនានឹករលឹកដ៍ជ្រាលជ្រៅ។
ឯកឧត្ដម ម៉ៅ សុផាន់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដោយការគោរពដ៏ជ្រាលជ្រៅជូនចំពោះក្រុមការងារចុះមូលដ្ឋានគណបក្សខេត្តព្រះវិហាររបស់យើង ពិសេសសមាជិកសមាជិកា គណបក្សទូទាំងខេត្ត និយាយដោយឡែកសមាជិកសមាជិកា គណបក្សស្រុករវៀង និងឃុំទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ចូលរួមការកសាងថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់សង្គម បានរឹងមាំ និងបន្តជំរុញការកសាងអភិវឌ្ឍន៍ ស្រុកឆែបឱ្យមានការរីកចម្រើន រួមចំណែកកសាងនិងជំរុញការអភិវឌ្ឍន៍ខេត្តព្រះវិហារ ប្រកបដោយចីរភាព។
ឯកឧត្ដម បានថ្លែងណែនាំថ្នាក់ដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និយាយដោយឡែកនៅស្រុករវៀង ត្រូវបន្តសហការសាមគ្គីគ្នាជាធ្លុងមួយស្របតាមទិសដៅ និងគោលការណ៍គណបក្ស ខិតខំបំពេញតួនាទី ភារកិច្ច និងបម្រើប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្ដមក៏ថ្លែងណែនាំផងដែរដល់អាជ្ញាធរ និងសមត្ថកិច្ច នៅតាមមូលដ្ឋាន ត្រូវខិតខំបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសបទល្មើសគ្រឿងញៀន (សំដៅលើអ្នកជួញដូរ) និងបទល្មើសនេសាទ ល្បែងស៊ីសងខុសច្បាប់ជាដើម។
លោក អ៊ុក គឹមសាន សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាស្រុករវៀង បានថ្លែងនូវការគោរពដឹងគុណចំពោះថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ នៃគណៈកម្មាធិការគណបក្សខេត្ត ដោយលោកធ្វើការប្តេជ្ញាចិត្ត ដូចខាងក្រោម៖
-គោរព និងអនុវត្តតាមកម្មវិធីគោលនយោបាយរបស់គណបក្ស សេចក្តីកំណត់នានា និង សេចក្តីសម្រេច គោលការណែនាំនានារបស់គណបក្សប្រជាជនកម្ពុជា។
-ខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ច របៀបរបបការងារ និងសេចក្តីណែនាំនានារបស់ក្រុមការងារគណបក្ស។
-រក្សាពង្រឹង និងពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង ឱ្យបានល្អ ប្រសើររវាងក្រុមការងារគណបក្សនៅថ្នាក់ខេត្ត ជាមួយក្រុមការងារគណបក្សនៅថ្នាក់ស្រុក និងក្រុមការងារគណបក្សថ្នាក់ឃុំ កម្លាំងសមត្ថកិច្ច មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា ដើម្បីរួមគ្នាជាធ្លុងមួយ សំដៅធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ស្ថេរភាព នយោបាយ ភាពសុខដុមរមនា និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
-យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្យាយាមប្រឹងប្រែងយកអស់ពីកម្លាំង កាយចិត្ត បញ្ញា ស្មារតី ដើម្បីជំរុញការអនុវត្ត និងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងសេវា រដ្ឋបាលប្រកបដោយតម្លាភាព គណនេយ្យភាព សំដៅធ្វើយ៉ាងណាឱ្យកាន់តែមានភាពងាយស្រួល ជូនដល់ប្រជាពលរដ្ឋ។
-បន្តជំរុញសកម្មភាពចុះទៅមូលដ្ឋាន និងជួយមូលដ្ឋានឱ្យបានជាក់ស្តែង ពង្រឹងការផ្សាភ្ជាប់រវាង គណបក្សជាមួយប្រជាជន និងថ្លែងអំណរគុណដល់ប្រជាជនដែលបានបោះឆ្នោតគាំទ្រគណបក្ស។
-ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំ ទាំងខាងទស្សនៈ គោលជំហរ និង សកម្មភាពដែលជាកត្តាចម្បង នៃរាល់ជ័យជម្នះរបស់គណបក្ស៕

