រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណទល់មុខសាលាដំបូងខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្រ្តីអ្នកមុខអ្នកការយ៉ាងច្រើនកុះករ។
ឯកឧត្ដម ខូយ រីដា បានថ្លែងអំណរគុណដល់ លោក តេង រតនា អតីតប្រធានសាលាដំបូង ខេត្តពោធិ៍សាត់ និងលោក កូយ កាន់យ៉ា អតីតព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ដែលបានបំពេញតួនាទី ភារកិច្ច មានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់ផ្នែកមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន នៅខេត្តពោធិ៍សាត់ លើក្របខណ្ឌកិច្ចការតុលាការ និងយុត្តិធម៌សង្គម។
ឯកឧត្ដមអភិបាលខេត្ត សង្ឃឹមជឿជាក់ថា លោក តុប ឈុនហេង ប្រធានសាលាដំបូង ខេត្តពោធិ៍សាត់ និងលោក វង្ស ប៊ុនវិសុទ្ធ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ដែលទើបចូលកាន់មុខតំណែង នឹងយកចិត្តទុកដាក់បំពេញការងារតាមសមត្ថកិច្ចជំនាញ និងវិជ្ជាជីវៈ ក្រមសីលធម៌ការងាររបស់ខ្លួន ឱ្យទទួលបានជោគជ័យ តាមបំណងប្រាថ្នារបស់ស្ថាប័ន និងបានផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋក្នុងខេត្ត ឱ្យបានល្អប្រសើរ ជាក់ជាពុំខាន។
ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់ នូវអនាគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ រួមមាន៖ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់) ដើម្បីឱ្យការកែទម្រង់វិស័យយុត្តិធម៌ ទទួលបានជោគជ័យ។ លើសពីនេះទៅទៀត ត្រូវពង្រឹង និងយកចិត្តទុកដាក់ លើការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើវិស័យយុត្តិធម៌នៅកម្ពុជា។
គួរជម្រាបជូនថា លោក តេង រតនា ពីប្រធានសាលាដំបូង ខេត្តពោធិ៍សាត់ ត្រូវបានតែងតាំង ជាអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ជំនួសដោយលោក តុប ឈុនហេង ពីប្រធានសាលាដំបូងខេត្តក្រចេះ មកជាប្រធានសាលាដំបូងខេត្តពោធិ៍សាត់ និងលោក កូយ កាន់យ៉ា ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ មកជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង, ជំនួសដោយលោក វង្ស ប៊ុនវិសុទ្ធ ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មកជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់៕
