ឯកឧត្តម ហង់ជួន ណារ៉ុន អញ្ជើញប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាលគ្រូតន្ត្រី សម្រាប់សៀវភៅសិក្សា “តន្ត្រីរីករាយ” (សៀវភៅទី១ ដល់ទី៣)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាលគ្រូតន្ត្រី សម្រាប់សៀវភៅសិក្សា “តន្ត្រីរីករាយ” (សៀវភៅទី១ ដល់ទី៣) និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកស្រីបណ្ឌិត Miya Choi គ្រូបង្រៀនព្យាណូស្ម័គ្រចិត្តនៅអនុវិទ្យាល័យវិចិត្រសិល្បៈ អ្នកនិពន្ធ និងជាសាស្រ្តាចារ្យ នៃវិទ្យាសា្ថន Cambodia Presbyterian Theological លោកស្រី នាយិកានៃក្រុមវង់តន្ត្រីយុវជនអង្គរ(ANYO) សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្តរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំការបណ្ដុះបណ្ដាលគ្រូបង្រៀនតន្រ្តីក្នុងការប្រើប្រាស់សៀវភៅសិក្សា“តន្ត្រីរីករាយ” ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការបង្រៀន និងអាចប្រើប្រាស់សម្រាប់ការបង្រៀនតន្រ្តីនៅតាមសាលារដ្ឋ និងសាលាឯកជននានា។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងអប់រំ នឹងជួយគាំទ្រពង្រឹងតន្រ្តីក្នុងការអប់រំដោយ៖
-រៀបចំកម្មវិធីសិក្សា៖ រចនាកម្មវិធីសិក្សាសម្រាប់ការអប់រំតន្ត្រីឱ្យបានលម្អិត និងសមស្របតាមកម្រិតសិក្សាជាតិ។
-បណ្តុះបណ្តាលគ្រូ៖ ពិចារណាក្នុងណែនាំឯកទេសតន្ត្រីទៅក្នុងកម្មវិធីសិក្សានៅ វិទ្យាស្ថានគរុកោសល្យ ដើម្បីបង្កើតធនធានគ្រូបង្រៀនតន្ត្រីប្រកបដោយនិរន្តរភាព។
-អនុវត្តនៅតាមសាលា៖ ណែនាំការអប់រំតន្ត្រីទៅក្នុងកម្មវិធីសិក្សានៅតាមសាលារៀននានា ដើម្បីធានាថាកុមារកម្ពុជាគ្រប់រូបមានឱកាសបានរៀនសូត្រពីសិល្បៈដ៏ថ្លៃថ្លានេះ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់លោកគ្រូ អ្នកគ្រូ ទាំង២២រូប និងជឿជាក់ថា លោកគ្រូអ្នកគ្រូនឹងប្រើប្រាស់ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីបន្តបណ្ដុះបណ្ដាលទេពកោសល្យ និងស្មារតីតន្ត្រីដល់កូនខ្មែរគ្រប់រូប។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោកស្រីបណ្ឌិត Miya Choi ដែលបានប្រគល់សៀវភៅសិក្សា “តន្ត្រីរីករាយ” (សៀវភៅទី១ ដល់ទី៦) ចំនួន ១៨០ក្បាល ជូនចំពោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សម្រាប់យកទៅប្រើប្រាស់ជាឯកសារយោង និងចែករំលែកដល់បណ្ណាល័យ និងសាលាគោលដៅនានា ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀនសូត្រតន្ត្រី៕

