អ៉ីស្រាអែលសម្លាប់ប្រមុខយោធារបស់ក្រុមហេសបូឡា នៅក្នុងការវាយប្រហារលើអគារមួយកន្លែងក្នុងទីក្រុងបេរូត ប្រទេសលីបង់

បេរូត៖ តាមការអះអាងរបស់យោធាអ៉ីស្រាអែល ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា អ៉ីស្រាអែលបានសម្លាប់ប្រមុខយោធារបស់ក្រុមហេសបូឡា នៅក្នុងការវាយប្រហារលើអគារមួយកន្លែងក្នុងទីក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ដែលត្រូវបានរាយការណ៍ថាមានមនុស្ស ៥នាក់ត្រូវបានសម្លាប់។
លោក Haytham Ali Tabatabai ជាមេបញ្ជាការជាន់ខ្ពស់បំផុតម្នាក់របស់ក្រុមហេសបូឡា ដែលត្រូវបានអ៉ីស្រាអែលសម្លាប់ចាប់តាំងពីមានបទឈប់បាញ់ដ៏ផុយស្រួយមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤មក។
តាមក្រសួងសុខាភិបាលលីបង់ ការវាយប្រហាររបស់អ៉ីស្រាអែលបានសម្លាប់មនុស្ស៥នាក់ និង២៨នាក់រងរបួស ហើយក្រុមហេសបូឡាក៏បានទទួលស្គាល់ដែរថាលោក Tabatabai ពិតជាត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល។
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា អ៉ីស្រាអែលនឹងមិនអនុញ្ញាតឱ្យក្រុមហេសបូឡាកសាងអំណាចឡើងវិញបាននោះទេ និងបានអំពាវនាវឱ្យ រដ្ឋាភិបាលលីបង់អនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការរំសាយអាវុធក្រុមហេសបូឡា។ ការវាយប្រហាររបស់អ៉ីស្រាអែលបានធ្វើឡើងលើតំបន់ Haret Hreik ស្ថិតនៅជាយភាគខាងត្បូងនៃទីក្រុងបេរូត៕

