ការអនុវត្តកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ រដ្ឋសភាដើម្បីបង្កើនគុណភាពសេវាការងារជូនតំណាងរាស្រ្ត ក្នុងការបំពេញភារកិច្ចបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ

ភ្នំពេញ៖ ថ្លែងសន្ទរកថាស្វាគមន៍កម្មវិធីវិបស្សនា ស្តីពី “ការវាយតម្លៃលទ្ធផលការងារឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២៦ សម្រាប់ការអនិវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកែទម្រង់រដ្ឋបាលសាធារណៈ” ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង និងជាប្រធាក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋាន បានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រដ្ឋសភា ជាជំហានដ៏សំខាន់ និងចាំបាច់ក្នុងការកែលម្អប្រសិទ្ធភាព ការងាររដ្ឋសភា ដើម្បីបង្កើនគុណភាពសេវាការងារនិងការគ្រប់គ្រងឱ្យកាន់តែល្អប្រសើរឡើងក្នុងការផ្តល់សេវា ជូនតំណាងរាស្រ្ត ក្នុងការបំពេញភារកិច្ចបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់គុណភាពការងារ ពង្រឹងសមត្ថភាព និងសមិទ្ធកម្ម នៃស្ថាប័ន ពិសេសអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងឆន្ទៈចូលរួមអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជ រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ម៉ឹងម៉ាត់និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកការកែទម្រង់រដ្ឋបាលជាវិធានគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសារធារណៈដែលត្រូវអនុវត្តចាំបាច់ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្នុងឆ្នាំ២០៣០ ជាប្រទេសដែល មានចំណូលមធ្យម និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
ការអនុវត្តកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ជាជំហានដ៏សំខាន់ និងចាំបាច់ក្នុងការកែលម្អប្រសិទ្ធភាព ក្នុងស្ថាប័នរដ្ឋសភា ដើម្បីបង្កើនគុណភាពសេវា និងការគ្រប់គ្រងអោយបានល្អ។ ដំណើរការនេះ ជួយរកឃើញនូវសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយ ស្របតាមវិធានការគន្លឹះ ដើម្បីគាំទ្រកំណែទម្រង់រដ្ឋបាលសាធារណៈ និងសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ឯកឧត្តមបានគូសបញ្ជាក់ថា ហេតុដូច្នេះហើយ បានជារដ្ឋសភា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលមានអគ្គលេខាធិការដ្ឋាន ជាសេនាធិការ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ អគ្គលេខាធិការដ្ឋានបានអនុវត្ត និងសម្រេចនូវលទ្ធផលជារូបវន្ត និងផ្តល់ផ្លែផ្កាជាប្រយោជន៍ជូនរដ្ឋសភា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរដ្ឋបាលសាធារណៈ តាមរយៈការវាយតម្លៃពីភាពពេញលេញ ត្រឹមត្រូវ ទាន់ពេលវេលា និងរក្សាបាននូវបន្ទាត់គណនេយ្យភាពគ្រប់គ្រងថវិកាក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ។
ប្រធានក្រុមការងារកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកែទម្រង់ រដ្ឋបាលសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម ឃួន ដាវិត បានរំលឹកជាថ្មីម្តងទៀតអំពីភាពចាំបាច់នៃតួនាទីគន្លឹះក្នុងការដឹកនាំការងារកែទម្រង់ ដែលតម្រូវឲ្យមានជាចាំបាច់នូវឆន្ទៈប្តេជ្ញាកែទម្រង់, បង្កើនភាពជាម្ចាស់, ពង្រឹងភាពជាអ្នកដឹកនាំ និងប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ តាមអភិក្រមបុរេសកម្ម និងអន្តរកម្ម ដែលជាបុរេលក្ខណៈសម្បត្តិ សម្រាប់ធានាបាននូវភាពជោគជ័យនៃការងារកែទម្រង់។
សូមជម្រាបថាកម្មវិធីវិបស្សនា ស្តីពី “ការវាយតម្លៃលទ្ធផលការងារឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២៦ សម្រាប់ការអនិវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកែទម្រង់រដ្ឋបាលសាធារណៈ” បានប្រារព្ធធ្វើនៅសណ្ឋាគារឌីយ៉ាម៉ង់ ក្នុងទីរួមខេត្តកំពត កាលពីថ្ងៃទី២២ ខែវចិ្ឆកាឆ្នាំ២០២៥ ដោយមានវត្តថ្នាក់ដឹកនាំ អង្គភាពនានាចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួម។
កម្មវិធីនេះ មិនត្រឹមតែអនុញ្ញាតឱ្យថ្នាក់ដឹកនាំនិងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់គ្នាឃើញពីសមិទ្ធផលជាក់ស្តែង នៃការដឹកនាំការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈកន្លងមកទេ។ ប៉ុន្តែបានផ្តល់ឱកាសដ៏មានតម្លៃ ក្នុងការគិតគូរ និងសម្រេចចិត្តរួមគ្នា ទៅលើផែនការ និងការអនុវត្តបន្ត។ កិច្ចប្រជុំនាពេលនេះក៏ជាឱកាសដ៏កម្រមួយ សម្រាប់ការជួបជុំក្រៅផ្លូវការ ដែលនឹងចូលរួមចំណែកដល់ការពង្រឹងមិត្តភាព និងសាមគ្គីភាពក្រុមគ្រួសារអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ៕

