អភិបាលខេត្តស្វាយរៀង និងលោកជំទាវដឹកនាំប្រតិភូខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព ឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ ដែលពលីក្នុងពេលបំពេញការងារ

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត ស្វាយរៀង និងលោកជំទាវបានដឹកនាំប្រតិភូខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន នាយរងផ្នែកបំភ័ន្តអក្ខរៈ បម្រេីការងារនៅកងពលតូចថ្មើរជើងលេខ២១ ភូមិភាគ២ ឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ ដែលលោកបានទទួលមរណៈភាពក្នុងជន្មាយុ ៥២ឆ្នាំ ដោយត្រូវផ្សែងពុល របស់ទាហានឈ្លានពានសៀម នាពេលកន្លងទៅ បច្ចុប្បន្នបានតម្កល់ធ្វេីបុណ្យនៅស្រុកកំណេីតស្ថិតក្នុងភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវព្រមទាំងប្រតិភូអមដំណេីរ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងសូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ ឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ បាននាំមកនូវសាររំលែកមរណៈទុក្ខ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបច្ច័យចូលបុណ្យចំនួន៤០លានរៀល និងបច្ច័យចូលបុណ្យរបស់រដ្ឋបាលខេត្តចំនួន១០លានរៀល ព្រមទាំងសម្ភារៈមួយចំនួនទៀតជូនដល់ក្រុមគ្រួសារនៃសពលោកឧត្តមសេនីយ៍ត្រី ស្រី ធឿន ផងដែរ៕

