ធនាគារជាតិនៃកម្ពុជាសាខាខេត្តបាត់ដំបង ប្តូរប្រាក់រៀលថ្មី ជូនម្ចាស់ហាងលក់ទំនិញ ដែលប្រាក់បានឆេះខូចខាត ដោយសារគ្រោះអគ្គីភ័យ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សាខាខេត្តបាត់ដំបង បានប្តូរប្រាក់រៀលថ្មី ជូនម្ចាស់ហាងលក់ទំនិញ ហេង ឆាយលី ក្នុងបុរីព្រែកមហាទេព ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលប្រាក់របស់គាត់បានឆេះខូចខាត ដោយសារគ្រោះអគ្គីភ័យ សរុបចំនួន ៦.៣៨៨.៥០០ រៀលគត់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការប្តូរជូននេះធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%។
គួររំលេចថា ធនាគារជាតិនៃកម្ពុជា បន្តប្តូរប្រាក់រៀលចាស់ ទក់ ឬរហែក ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ទូទាំងប្រទេស។
សាធារណជនអាចបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកប្រាក់រៀលថ្មីដោយមិនគិតកម្រៃសេវា នៅតាមសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ដែលនៅជិតផ្ទះ រៀងរាល់ម៉ោងធ្វើការ៕

