អភិបាលខេត្តរតនគិរី ចុះសួរសុខទុក្ខ និងផ្តល់អំណោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិចំនួន២១០ គ្រួសារ នៅស្រុកលំផាត់

រតនគិរី៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អមដំណើដោយ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយ របស់រាជរដ្ឋាភិបាល ផ្តល់តាមរយ:មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី ចំនួន២១០ គ្រួសារ ។
មានប្រសាសន៍សំណេះសំណាលជានាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី បានថ្លែងថា ការផ្តល់អំណោយជូនដល់លោកយាយ លោកតា និង បងប្អូនដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនាពេល ដែលនេះគឺជា កាតព្វកិច្ច និងការឈឺឆ្អាលយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ និងជួបការលំបាករបស់រាជរដ្ឋាភិបាលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។
ឯកឧត្តមបន្តថា ក្នុងនាមថ្នាក់ ដឹកនាំខេត្តត្រូវធានាធ្វើយ៉ាងណាអនុវត្តឱ្យខានតែបាន នូវគោល
នយោបាយ របស់រាជរដ្ឋាភិបាល ជាជំហានៗ ។ ជាក់ស្តែងជាសក្ខីភាពស្រាប់ នាថ្ងៃនេះ យើងបាននិងកំពុងរៀបចំពិធីផ្តល់ នូវអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ដែលទាំងនេះគឺជាចែករំលែក អាចជួយសម្រាលការលំបាក និងការជួយក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណី ដែលថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំ គ្រប់កាលៈ ទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ គណបក្សនយោបាយណាមួយឡើយ ។
ឯកឧត្តមបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឆ្នើម បាននិងកំពុងបន្តពុះពារជំនះ ការលំបាក និងឧបសគ្គនានា ដឹកនាំជោគវាសនាកម្ពុជា ដើម្បីឈានទៅ សម្រេចបាននូវសមិទ្ធផលបន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ តាមរយៈការជំរុញឱ្យមានស្ថិរភាព កំណើនសេដ្ឋកិច្ចជាតិ ការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា នៅក្នុងសកលលោក។ ហើយ ក្នុងបរិបទនេះ អាជ្ញាធរខេត្តរតនគិរី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័ននានា នឹងបន្តជំរុញឱ្យមានការអភិវឌ្ឍបន្ថែមទៀត ក្នុងការលើកកម្ពស់កម្រិតជីវភាព របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការពង្រឹង ការអនុវត្ត ជាប្រចាំនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធានានូវសន្តិសុខ ទាំងតាមទីជនបទ ក៏ដូចជាទីប្រជុំជន ក្រុង-ស្រុក សំដៅបង្ករលក្ខណៈ ងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ ប្រកបមុខរបរទទួលទានដោយសុខសុវត្ថិភាព និងពង្រីកលើការវិនិយោគសាធារណៈ រួមចំណែកឈានទៅសំរេចបាន នូវគោលដៅអភិវឌ្ឍ ប្រកបដោយនិរន្តភាព ។
សូមបញ្ជាក់ថា ការផ្តល់អំណោយជូនប្រជាពលរដ្ឋទាំង២១០គ្រួសារ នាពេលនេះ ក្នុង១គ្រួសារ ទទួលបានត្រីខ ១យួរ.ទឹកត្រី១យួរ.មីជាតិ១កេះតូច.អង្ករ១បេ.មុងនីឡុង.ភួយ១៕

