វិមានក្រឹមឡាំង កំពុងត្រៀមរៀបចំដើម្បីឱ្យលោក ពូទីន ធ្វើទស្សនកិច្ចទៅកាន់ឥណ្ឌា នៅមុនដំណាច់ឆ្នាំនេះ

មូស្គូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា បាននិយាយថាខ្លួនកំពុងត្រៀមរៀបចំយ៉ាងសកម្មដើម្បីឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចទៅកាន់ឥណ្ឌា នៅមុន ដំណាច់ឆ្នាំនេះ ហើយសង្ឃឹមថាវានឹងក្លាយជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់មួយ។
តាមវិមានក្រឹមឡាំង លោក ពូទីនគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ឥណ្ឌា នៅខែធ្នូក្រោយនេះ។ លោក ពូទីនបានធ្វើទស្សនកិច្ចនៅឥណ្ឌាលើកចុងក្រោយបំផុតកាលពីខែធ្នូ ឆ្នាំ២០២១ តែប៉ុន្មានខែប៉ុណ្ណោះ មុននឹងរូបលោកបញ្ជូនកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់ថា «យើងបច្ចុប្បន្នកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ពូទីន ទៅកាន់ឥណ្ឌា»។
លោក Peskov មិនបានលម្អិតឱ្យដឹងពីកិច្ចព្រមព្រៀងដែលអាចនឹង សម្រេចបានអំឡុងទស្សនកិច្ចរបស់លោក ពូទីន នោះទេ៕
